ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រ វជ្ជសាស្ត្រត្រឹមត្រូវ ដែលក្នុងនោះ ក្រសួង បានព្រមានថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល សូមកុំផ្សព្វផ្សាយ ហួសពីការពិត ឬបំភ្លៃការពិត ។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងសុខាភិបាល បានកត់សម្គាល់ ឃើញមាន ការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល របស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល​បាននិងកំពុងធ្វើឱ្យមានការប៉ះពាល់ ដល់ក្រមសីលធម៌ វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូ របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប៉ះពាល់ដល់សុខភាព សាធារណៈ។

ដើម្បីឈានទៅលុបបំបាត់ នូវសេវាសុខាភិបាល ខុសច្បាប់ ក្រសួងសុខាភិបាល សូមអំពាវនាវ ដូចខាងក្រោម៖

អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល គ្លីនិក មន្ទីរ ពហុព្យាបាល ត្រូវគោរពឱ្យបានហ្មត់ចត់ នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នក ប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ឲ្យបានត្រឹមត្រូវ ព្រមទាំងជៀសវាង ការផ្សព្វផ្សាយហួសពីការពិត ឬ បំភ្លៃការពិត។

គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវពង្រឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលពាក់ព័ន្ធ ស្របតាមសមត្ថកិច្ចរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យ សុខាភិបាល និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ សុខាភិបាល ឱ្យបានច្បាស់លាស់ ដើម្បីកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់អ្នកប្រកប វិជ្ជាជីវៈសុខាភិបាល។

អាជ្ញាធរមូលដ្ឋាន គ្រប់រាជធានី-ខេត្ត ចូលរួមណែនាំទប់ស្កាត់រាល់ការផ្តល់ សេវាសុខាភិបាល ដែលគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល និងការផ្សព្វផ្សាយ ជាលក្ខណៈពាណិជ្ជកម្ម ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលពុំមានមូលដ្ឋាន វិទ្យាសាស្ត្រច្បាស់លាស់ បំផ្លើសខុសពីការពិត ធ្វើឱ្យមានការយល់ច្រឡំ ដល់បងប្អូន ប្រជាពលរដ្ឋ។

ក្រសួងសុខាភិបាល សង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ចំពោះការចូលរួម យ៉ាងយកចិត្តទុកដាក់ របស់បងប្អូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់ នូវរាល់ភាពអសកម្មទាំងនេះ ដើម្បីចៀសវាងឱ្យ បាននូវការប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់៕ V / N