តុលាការ​ខេត្តកណ្ដាល ឃុំខ្លួន​ជន​លួច​រថយន្ត​មិត្តភក្ដិ​យកទៅ​បំពាក់​ស្លាក​លេខ​ក្លែងក្លាយ​

975
ចែករម្លែក

ដោយៈ​ឆាយា​នាថ,សុផាន់​/​កណ្តាលៈ​លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី​៦ ខែសីហា នេះ សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ដាក់ពន្ធនាគារ​ប​ណ្តោះ​អាសន្ន ដើម្បី​សាកសួរ​ករណី​លួច​រថយន្ត​មិត្តភក្ដិ​រួច​យកទៅ​បំពាក់​ស្លាក​លេខ​ក្លែងក្លាយ ។

​មន្ត្រី​តុលាការ ថ្លែងថា បុរស​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ “​លួច​និង​បទ​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ក្លែងក្លាយ​”​តាម​មាត្រា​៣៥៣ មាត្រា​៣៥៦​និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៨​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ ។

​ជន​ត្រូវ​ចោទ​ឈ្មោះ ភិន សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប្រមាត់ដី ឃុំ​ស្វាយទៀប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ជនរងគ្រោះ​ឈ្មោះ​ផាន់ ណា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។​

​លោក មាន សំណាង អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​បាន​ប្រទះ​​ឃើញ រថយន្ត​កាមរី​ឆ្លាម​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2A-0621 និង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៨​មួយគ្រឿង ក៏​ហៅ​សួរនាំ តែ​ភ្លាមនោះ​ក៏​នាំគ្នា​បើករថយន្ត និង ម៉ូតូ​គេចខ្លួនបាត់ ទើប​កម្លាំង​ដេញ​តាម​រហូតដល់​ផ្សារ​ថ្នល់ ទទឹង ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ភិន សីហា នៅក្នុង​រថយន្ត​មាន​វត្ថុតាង​សោរ​ខ្សៀ មួយ​ដែក​សំប៉ែត​សម្រាប់​កាច់​សោរ​មួយ​ដែក​ឆ្កឹះ​សោរ ។

​បន្ទាប់ពី​ធ្វើការ​សាកសួរ​រួច តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ភិន សីហា បាន​សារភាពថា ខ្លួន​បាន​ខ្ចី​រថយន្ត​ពី​ឈ្មោះ ផាន់ ណា ភេទ​ប្រុស​អាយុ​ប្រហែល​៣៥​ឆ្នាំ នៅខាងមុខ​ណាហ្គា​ភ្នំពេញ វេលា​ម៉ោង​មួយ​រំលងអធ្រាត្រ ។ ពេលនោះ​ខ្លួន​បាន​បើក រថយន្ត​តែម្នាក់ឯង​ហើយ​ឈ្មោះ​វុ​ធ ជិះ​ម៉ូតូ​ម្នាក់ឯង​ដែរ តាម​ឡាន​ពីក្រោយ​ជិះ​ឈប់ៗ រហូតដល់​ចំណុចកើតហេតុ ។ កន្លងមក​ជន​សង្ឃ័​យ​ឈ្មោះ ភិន សីហា ធ្លាប់ប្រើ​ប្រាស់​សារធាតុ​ញៀន​ជាង​១​ឆ្នាំ​ហើយ និង​ឈ្មោះ​ផាន់ ណា ឈ្មោះ វុ​ធ ធ្លាប់ប្រើ​ប្រាស់​ថ្នាំញៀន​ជាមួយគ្នា នៅតាម​ផ្ទះសំណាក់​មិន​ចាំ​ឈ្មោះ​ម្តុំ​ទួល​សង្កែ ៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម