កូរ៉េខាងជើង​ជម្រុញ​ឱ្យ​សហរដ្ឋអាមេរិក​ទម្លាក់​ការដាក់ទណ្ឌកម្ម បន្ទាប់ពី​បង្ហាញ​ជំនឿ​ចិត្ត​ដ៏​ល្អ​

2916
ចែករម្លែក

កាលពីថ្ងៃចន្ទទី៦សីហា ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានជំរុញឱ្យសហរដ្ឋអាមេរិកទម្លាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសនេះដោយចោទប្រកាន់រដ្ឋភិបាលក្រុងវ៉ាស៊ីនតោនថាបានប្រើប្រាស់ទណ្ឌកម្មនេះដើម្បី “បង្កើនអំណាចចរចារបស់ខ្លួន” ។

កាសែតRodong Sinmun របស់កូរ៉េខាងជើងនេះបាននិយាយកាលពីថ្ងៃចន្ទថា មានការអះអាងចេញមក ពីក្រសួងការបរទេសអាមេរិកថាខ្លួននឹងមិនបន្ធូរបន្ថយទណ្ឌកម្មទេ រហូតទាល់តែមានការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ហើយការពង្រឹងទណ្ឌកម្មគឺជាមធ្យោបាយមួយដើម្បីបង្កើនអំណាចចរចារបស់ខ្លួន។

កាសែតនេះ បានបន្ថែមថាតើការដាក់ទណ្ឌកម្មដែលជាគោលដៅរបស់រដ្ឋបាលអាមេរិកបាន បង្កើតឱ្យមានជាផ្នែកនៃគោលនយោបាយអរិភាពប្រឆាំងនឹងយើងនេះ វាអាចជួយលើកកម្ពស់មិត្តភាពរបស់ប្រទេសទាំង២បានដែរឬទេ?។

កាសែតនេះ បាននិយាយថារដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបង្ហាញជំនឿដ៏ល្អដោយបញ្ចប់ការសាកល្បងអាវុធនុយក្លេអ៊ែរ បំផ្លាញចោលទីតាំងនុយក្លេអ៊ែរ Punggye-ri របស់ខ្លួននិងប្រគល់ត្រឡប់ទៅវិញនូវអដ្ឋិធាតុទាហានអាមេរិក២០០នាក់ដែលបានស្លាប់នៅក្នុងសង្គ្រាមកូរ៉េ។

កាលពីថ្ងៃចន្ទ វេបសាយឃោសនាUriminzokkiri របស់កូរ៉េខាងជើង បានហៅការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងកូរ៉េខាងជើងថា”ហួសសម័យកាលនិងគួរឱ្យរិះគន់យខ្លាំង” ខណៈពេលដែលវេបសាយមួយទៀត គឺវេបសាយMaeriរបស់កូរ៉ខាងជើង បានអំពាវនាវឱ្យអាមេរិកកសាងទំនុកចិត្តក្នុងការឆ្លើយតបទៅនឹងវិធានការសុឆន្ទៈរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ។ វេបសាយនេះ បាននិយាយថា” វាខូចខាតទាំងអស់គ្នាក្នុងការធ្វើដូចនេះ” ។

លោក Kim Eui-kyeom អ្នកនាំពាក្យរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងក៏បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថាកូរ៉េខាងត្បូងចង់ឱ្យកូរ៉េខាងជើងពន្លឿនការលុបបំបាត់អាវុធនុយក្លេអ៊ែរហើយសហរដ្ឋអាមេរិកនឹងបង្ហាញនូវអាកប្បកិរិយាដ៏ស្មោះត្រង់ចំពោះអ្វីដែលកូរ៉េខាងជើងទាមទារឱ្យមានចំណាត់ការត្រូវធ្វើឡើងព្រមៗគ្នា។នេះបើយោងតាមសារព័ត៌មានBusiness Insider ដែលបានរាយការណ៍កាលពីថ្ងៃចន្ទ៕ដោយ:សុខា/SN

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ស្ថិតនៅក្នុងជំនួបអាមេរិក-កូរ៉េខាងជើង នៅសិង្ហបុរីថ្ងៃទី១២មិថុនា ឆ្នាំ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម