ដោយៈ គង់ហេង/ កំពង់ចាម៖ លោក គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៥ កញ្ញា ដល់ថ្ងៃទី ១២ តុលា មានអ្នកឆ្លងជំងឺភ្នែកក្រហម ដែលបានមកពិនិត្យ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម សរុបចំនួន ១៤៣ នាក់ ដោយក្នុងនោះ មានអ្នកជំងឺនេះ ជាសិស្សមកពីវិទ្យាល័យ អប់រំពិសេសកំពង់ចាម ចំនួន ៨៩ នាក់។

លោកប្រធានមន្ទីររូបនេះ បានបញ្ជាក់ទៀតថា តាមការបញ្ជាក់ពីគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យខាងលើថា ករណីជំងឺភ្នែកក្រហម ដែលបានចូលមកពិនិត្យ គឺមូលហេតុ បណ្តាលឱ្យកត្តាសំខាន់ មកពីខ្វះអនាម័យ និងពុំមានការយល់ដឹង អំពីវិធានការការពារ ការឆ្លងមេរោគ ធ្វើឱ្យមានការជំងឺភ្នែកក្រហមនេះ។

លោកបានបន្ថែមថា ក្នុងនោះ ផ្អែកតាមរោគសញ្ញា ដែលអ្នកជំងឺមាន គឺជាប្រភេទរលាក បណ្តាលមកពីវីរុសច្រើនជាងពពួកបាក់តេរី ប្រមាណ ៩០ ភាគរយ ហើយភាគច្រើន នៃជំងឺមានការវិវត្តន៍ ទៅរកភាពធូរស្រាល ដោយសារតែខាងគ្រូពេទ្យយើង បាន ណាត់ពួកគាត់ ជាអ្នកជំងឺមកមន្ទីរពេទ្យទាំងអស់ បានអញ្ជើញត្រឡប់មកពិនិត្យវិញ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី ១២ តុលា នេះ នៅពុំទាន់ឃើញមានអ្នកជំងឺ ត្រឡប់មកឱ្យ គ្រូពេទ្យ ពិនិត្យនោះទេ។

លោកបានបន្តថា ជាមួយនោះ យើងក៏បានអប់រំសុខភាពអ្នកជំងឺ ស្តីពីការការពារ កុំឱ្យមានឆ្លងជំងឺភ្នែកក្រហម នេះតគ្នាទៀត ដោយអនុវត្តការលាងដៃនឹងអាកុល ឬសាប៊ូ ឱ្យបានញឹកញាប់ ជៀសវាងការប្រើប្រាស់របស់រួមគ្នា និងពាកម៉ាស់ការពារ ដោយមានការចម្លង តាមផ្លូវដង្ហើម៕/V/r