ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រយៈពេល ១៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០២៣ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៣ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ជាង ១​សែន ៧​ម៉ឺន​នាក់ និង​អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន​ជិត ១០ ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប ) នៅ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២៣ ។​

​គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា លទ្ធផល​បណ្ដោះអាសន្ន ថ្ងៃទី​ដប់​បី នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៣ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០២៣ នៅ​ទូទាំងប្រទេស មាន​ប្រជាពលរដ្ឋ ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១៦.៣៨១ នាក់ , អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៤.៤៩៣ នាក់ , អ្នក​ដែល​បាន​ស្នើសុំ​កែតម្រូវ​ទិន្នន័យ មាន​ចំនួន ៨៩០ នាក់ , អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ២.៤៨៣ នាក់​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា សម្រាប់​លទ្ធផល​សរុប រយៈពេល ១៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០២៣ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះ ឆ្នោត​៖ ប្រជាពលរដ្ឋ ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១៧០.១៩២ នាក់ , អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញ ពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៩៧.៥៧៦ នាក់ , អ្នក​ដែល​បាន​ស្នើសុំ​កែតម្រូវ​ទិន្នន័យ មាន​ចំនួន ១៤.៣៥៦ នាក់​, អ្នក​ដែល​បាន​ផ្ទេរ ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ៣៣.២៧៧ នាក់​។​

​គ​.​ជ​.​ប បាន​បន្តទៀតថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៣ តាម​ឃុំ សង្កាត់ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០២៣ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ដូចនេះ សូម​អញ្ជើញ​ប្រជាពលរដ្ឋ ទៅពិនិត្យ​មើល ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ នៅតាម​ឃុំ សង្កាត់ ឬ​តាម​គេហទំព័រ voterlist.nec.gov.kh ឬ​កម្មវិធី​ទូរ​សព្ទ​ដៃ App-NEC KH ។ ប្រសិនបើ​ពិនិត្យឃើញថា មានការ​កត់ត្រា​មិនបាន​ត្រឹមត្រូវ តាម​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ដែលមាន​សុពលភាព សាមីខ្លួន​អាច​ស្នើសុំ​កែតម្រូវ ជាមួយ​ក្រុម​ចុះឈ្មោះ បោះឆ្នោត​។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត ពីមុនមក ឬ​អ្នក​ដែល​ទើប​គ្រប់​អាយុ ១៨ ឆ្នាំ គិតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២៣ (​កើតមុន ឬ​ត្រឹម​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០០៦) ឬ​អ្នក​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូល ក្នុង​ឃុំ សង្កាត់​ថ្មី ទៅ​ចុះឈ្មោះ​បោះឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា នៅ​ឃុំ សង្កាត់ ដែល​សាមីខ្លួន កំពុង​រស់នៅ ឬ​ស្នាក់នៅ​៕/V​