ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ជនប៉ាឡេស្ទីនរាប់ម៉ឺនរាប់សែននាក់ កំពុងភៀសខ្លួនទៅកាន់តំបន់ហ្កាហ្សាខាងត្បូងនៅថ្ងៃសៅរ៍ទី១៤តុលានេះក្រោយពីអ៊ីស្រាអែលព្រមានអោយពួកគេចាកចេញនៅមុនការវាយប្រហារដោយកម្លាំងជើងគោកមួយលើក្រុមហាម៉ាសនៅហ្កាហ្សាខាងជើង ជាការសងសឹកនឹងការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលកាលពីមួយសប្តាហ៍មុន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា ការទម្លាក់គ្រាប់បែកដ៏ខ្លាំងអស់ពេលមួយសប្តាហ៍«គ្រាន់តែជាការចាប់ផ្តើម» នៅពេលអ៊ីស្រាអែលស្វះស្វែងធ្វើការសងសឹកក្រុមហាម៉ាសក្រោយយុទ្ធជននៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះបានធ្វើការវាយប្រហារចូលអ៊ីស្រាអែលដ៏ភ្ញាក់ផ្អើលសម្លាប់មនុស្សដល់ទៅជាង១.៣០០នាក់កាលពីថ្ងៃសៅរ៍មុន។
យោធាអ៊ីស្រាអែលបាននិយាយថា «កងកម្លាំងជើងគោកអ៊ីស្រាអែលបានធ្វើការវាយប្រហារលើគោលដៅកំណត់នៅហ្កាហ្សានៅ២៤ម៉ោងកន្លងទៅ ដើម្បីបោសសម្អាតតំបន់ភេរវករនិងគ្រឿងសព្វាវុអរបស់ក្រុមនេះ ហើយព្យាយាមស្វែងរកមនុស្សបាត់ខ្លួន»។
សូមបញ្ជាក់ថា អ្នកស្លាប់ភាគច្រើនជាជនស៊ីវិលពេលពួកសកម្មប្រយុទ្ធទម្លុះរបងព្រំដែនចូលអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍មុននិងបាញ់ប្រហារឥតរើសមុខ ក្នុងការវាយប្រហារមួយដែលគេប្រៀបប្រដូចទៅនឹងការវាយប្រហារភេរវកម្មថ្ងៃ១១ កញ្ញា ឆ្នាំ២០០១នៅសហរដ្ឋអាម៉េរិក។
យ៉ាងហោចណាស់ប្រជាជនហ្កាហ្សា១.៩០០នាក់ រួមមានស្ត្រីនិងកុមារជាង៦០០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារសងសឹកតាមផ្លូវអាកាសពីអ៊ីស្រាអែលលើបរិពន្ធភូមិប៉ាឡេស្ទីនដែលមានមនុស្សរស់នៅកកកុញនេះ។
ក្រុមហាម៉ាស ដែលអាម៉េរិកនិងសហភាពអឺរ៉ុបចាត់ទុកជាអង្គការភេរវកម្ម កំពុងចាប់មនុស្សពីអ៊ីស្រាអែលប្រមាណ១៥០នាក់ធ្វើជាចំណាប់ខ្មាំងនៅហ្កាហ្សា និងបានគំរាមសម្លាប់ចំណាប់ខ្មាំងអ៊ីស្រាអែលម្នាក់នៅពេលណាដែលគោលដៅស៊ីវិលនៅហ្កាហ្សាណាមួយរងការវាយប្រហារដោយគ្មានការព្រមានជាមុន។ក្រុមសកម្មប្រយុទ្ធនេះ បាននិយាយកាលពីថ្ងៃសុក្រថា ចំណាប់ខ្មាំង១៣នាក់បានស្លាប់ដោយការវាយប្រហារពីអាកាសរបស់អ៊ីស្រាអែល។
នៅហ្កាហ្សា មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា យោធាអ៊ីស្រាអែលកំពុងផ្តុំទ័ពនៅព្រំដែន និងបានប្រាប់ពួកគេអោយជម្លៀសជនស៊ីវិលនៅរយៈពេល២៤ម៉ោងចេញពីហ្កាហ្សាខាងជើងដោយសារពួកហាម៉ាសពួនសម្ងំក្នុងរូងក្រោមដីនៅទីនោះ
នៅហ្សកដានី ក្រោយជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្តេច អាប់ឌុលឡាទី២ បានអំពាវនាវអោយបង្កើតរបៀងមនុស្សធម៌ជាបន្ទាន់ ខណៈអេហ្ស៊ីប កំពុងប្រឈមទ្វេគ្រោះចំពោះការទទួលជនភៀសខ្លួនប៉ាឡេស្ទីន ជាមួយនឹងលទ្ធភាពដែលថាអ៊ីស្រាអែលនឹងមិនអោយពួកគេវិលទៅហ្កាហ្សាវិញ៕
កាលពីថ្ងៃសុក្រ អ៊ីស្រាអែលបានទម្លាក់ខិតប័ណ្ណរាប់ម៉ឺនស្លឹកលើទីក្រុងហ្កាហ្សា ដោយប្រាប់អោយអ្នកស្រុកចាកចេញជាបន្ទាន់
អ៊ីស្រាអែលបានវាយប្រហារសងសឹកតាមអាកាសលើតំបន់ហ្កាហ្សាស្ទ្រីប ដោយសម្លាប់មនុស្សប្រមាណ១.៩០០នាក់ និងប្រាប់ប្រជាជនប្រមាណ១,១លាននាក់នៅហ្កាហ្សាខាងជើងអោយចាកចេញទៅខាងត្បូងមុនប្រតិបត្តិការជើងគោកចាប់ផ្តើម