ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ ប្រតិភូអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ ឯកឧត្តម នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេនរភូមិន្ទ បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ។

សូមរំលឹកថាព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១ និង ២០នាទី យប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនក្នុងជន្មាយុ ៩០ព្រះវស្សា។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋ ខ្មែរ ទាំងមូល។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕srn / N