ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។


យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅថ្ងៃទី១៥ ខែតុលា នេះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន ២ រួមមានៈ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍- ស៊ីវិល ប្រៃសណយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូប- នីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍- ស៊ីវិល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ និង២-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលជាសំណើរបស់រាជរដ្ឋាភិបាលត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។
សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន១១មាត្រា។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្មីនេះ នឹងជំនួសច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែងនិងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើននិងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរៀបចំឡើងចំនួន ១១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕សរន / N