ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែតុលា ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញដឹកនាំគណៈប្រតិភូ ស.ស.យ.ក. គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១១ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៣) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ ។
សូមរំលឹកថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១ និង ២០នាទីយប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនក្នុងជន្មាយុ ៩០ព្រះវស្សា។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕សរន