ដោយ៖តារារិទ្ធ/ភ្នំពេញៈនៅព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ស្អែកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី ៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថាតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធា នាធិបតីចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែតុលាឆ្នាំ២០២៣នៅរដ្ឋធានីប៉េកាំង។ មូលបទនៃកិច្ចប្រជុំនេះគឺ«កិច្ចសហ ប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖រួមគ្នាដើម្បីការអភិវឌ្ឍនិងវិបុលភាពរួម»។
អញ្ជើញអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោ ក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, មន្ត្រីជាន់ខ្ពស់មួយចំនួនព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន។
នៅក្នុងវេទិកាខ្សែក្រវាត់និងផ្លូវនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាគន្លឹះស្ដីពី “សេដ្ឋកិច្ចឌីជីថលជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀតដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនបរទេសដទៃទៀតផងដែរ។
ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវដែលគូស បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់សម្រាប់កំណើនរួមសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ ។
គួរកត់សម្គាល់ថាដំណើរទៅប្រទេសចិនជាថ្មីនេះគឺជាដំណើរលើកទី២របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុ ជាជិត២ខែមកនេះ។កាលពីថ្ងៃទី១៤ខែកញ្ញាកន្លងទៅនេះសម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនដោយជួបលោក ស៊ី ជីនពីង និងបានជជែកលើប្រធានបទមួយចំនួនរួម មានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មីការជំរុញបន្ថែមនូវកិច្ចសហប្រតិ បត្តិការត្បូងពេជ្រទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្តល់ប្រយោជន៍រួម៕