​ប្រែ​សម្រួលៈ​បំណង​(CNA)៖​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស កាលពី​ថ្ងៃអាទិត្យ​ទី​១៥​តុលា បាន​អំពាវនាវ​អោយ​ក្រុម​ហា​ម៉ាស​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​និង​អោយ​អ៊ីស្រាអែល​បើកផ្លូវ​សំរាប់​ជំនួយ​មនុស្សធម៌​ចូល​តំបន់​ហ្កា​ហ្សា​ដែល​ត្រូវ​បិទ​ខ្ទប់​ទាំងស្រុង​អស់​មួយ​សប្តាហ៍​មក​ហើយ និង​បាន​ព្រមាន​ថា​មជ្ឈិម​បូព៌ា​«​ស្ថិត​លើ​មាត់ជ្រោះ​ដ៏​ជ្រៅ​»​។​

​លោក ហ្គូ​ទែ​រ៉េ​សបាន​និយាយថា​« ហ្កា​ហ្សា​កំពុងអ​ស់​ទឹក អគ្គិសនី​និង​គ្រឿង​ត្រូវ​ការចាំបាច់​ផ្សេងៗ​»​។​

​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស

​លោក​បាន​បន្តថា ស្តុក​ស្បៀង ទឹក ការផ្គត់ផ្គង់​ថ្នាំពេទ្យ​និង​ប្រេង​របស់​អង្គការ​សហប្រជាជាតិ​នៅអេ​ហ្ស៊ី​ប ហ្សកដានី តំបន់​វេស​ប៊ែង​និង​អ៊ីស្រាអែល​«​អាច​ត្រូវ​បញ្ជូន​ចេញ​បាន​ភ្លាម​ដោយ​ប្រើ​ពេល​តែ​ប៉ុន្មាន​ម៉ោង​»និង​ថា​«​បុគ្គលិក​អង្គការសហប្រជាជាតិ​ត្រូវ​បញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ទាំងនេះ​ចូល​តំបន់​ហ្កា​ហ្សា​ដោយ​សុវត្ថិភាព ដោយ​គ្មាន​ការរារាំង​»​។​

​លោក​អគ្គលេខា ក៏​បាន​អំពាវនាវ​អោយ​ក្រុម​ហា​ម៉ាស​ដោះលែង​ចំណាប់ខ្មាំង​«​ភ្លាម​ដោយ​គ្មាន​លក្ខខណ្ឌ​»​ផងដែរ។​

​សូមបញ្ជាក់​ថា អ៊ីស្រាអែល​បាន​ប្រកាសសង្គ្រាម​ប្រឆាំង​ក្រុម​ហា​ម៉ាស​កាលពី​ថ្ងៃ​អាទិត្យ​មុន នៅ​មួយ​ថ្ងៃក្រោយ​ពួក​យុទ្ធជន​នៃ​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​ទម្លុះ​ព្រំដែន​និង​ចូល​ចាក់​និង​បាញ់​សម្លាប់​មនុស្ស​នៅ​ខាង​អ៊ីស្រាអែល​អស់​ជាង​១.៤០០​នាក់ ភាគច្រើន​ជា​ជន​ស៊ីវិល​។​ការវាយប្រហារ​សងសឹក​ដោយ​ការទម្លាក់​គ្រាប់បែក​និង​បាញ់​ផ្លោង​ដាក់​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​២.៦៧០​នាក់​នៅក្នុង​តំបន់​ហ្កា​ហ្សា​ស្ទ្រីប​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស តែ​អ្នកស្លាប់​ភាគច្រើន​ជា​ប្រជាជន​ប៉ាឡេ​ស្ទីន​ធម្មតា​។​

​អ៊ីស្រាអែល​ក៏​កាត់ផ្តាច់​ទឹក ភ្លើង​និង​ការផ្គត់ផ្គង់​ស្បៀង​ទៅកាន់​បរិ​ពន្ធ​ភូមិ​ដែល​មាន​ជនក្រីក្រ​រស់នៅ​កកកុញ​នេះ មុន​បន្ត​ការផ្គត់ផ្គង់​ទឹកវិញ​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​តុលា​។​អ៊ីស្រាអែល​បាន​ប្រាប់​ប្រជាជន​ប៉ាឡេ​ស្ទីន​ជាង​មួយ​លាន​នាក់​នៅ​ហ្កា​ហ្សា​ខាងជើង​អោយ​ភៀសខ្លួន​ទៅ​កាន់​ភាគខាងត្បូង​ជាបន្ទាន់​មុន​ប្រតិបត្តិការ​សឹក​ជើងគោក​មួយ​ចាប់ផ្តើម​ដើម្បី​បោសសម្អាត​ពួក​ហា​ម៉ាស​។​

​បណ្តា​ក្រុម​អង្គការ​ផ្តល់​ជំនួយក្នុងពេលជាមួយគ្នា ​បាន​ព្រមាន​អំពី​គ្រោះ​មនុស្សធម៌​នៅ​ទីនោះ ដោយសារ​តែ​ប្រជាជន​ត្រូវ​ភៀសខ្លួន​ប្រមាណ​មួយ​លាន​នាក់​និង​ពួក​គេ​កំពុង​ត្អូញត្អែរ​អំពី​ការ​អត់​ទឹក​៕

​ប្រជាជន​ប៉ាឡេ​ស្ទីន​នៅ​ហ្កា​ហ្សា​កំពុងត្អូ​ញត្អែររឿងអ​ត់​ទឹក​ប្រើប្រាស់​