B-52​អាមេរិក​ហោះ​បង្ហាញ​ឥទ្ធិពល​លើ​សមុទ្រ​ចិន​ខាងកើត​

1120
ចែករម្លែក

​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52​របស់​កងទ័ពអាកាស​អាមេរិក បាន​ហោះ​ពីលើ​សមុទ្រ​ចិន​ខាងកើត​ដោយ​អាច​មើលឃើញ​ជប៉ុន​កាលពី​ដើមខែ​នេះ នេះ​បើ​យោង​​តាម​សេចក្តីថ្លែងការណ៍​មួយ​ចេញពី​បញ្ជាការដ្ឋាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​អាមេរិក​។​

​ដោយ​ចាត់ទុកជា​ផ្នែក​នៃ​បេសកកម្ម​ហ្វឹកហាត់​រួមគ្នា​មួយ យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 Stratofortress​ពីរ​គ្រឿង​និង​យន្តហោះ P-8 Poseidon​ពីរ​គ្រឿង​ទៀត​បាន​​ធ្វើការ​ហោះហើរ​ពីលើ​តំបន់​នេះ​ដើម្បី​ធ្វើអោយ​ប្រសើរឡើង​”​សមាហរណកម្ម​កងក​ម្លាំ​ង​ចម្រុះ​”​។​ការហោះហើរ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​០១​សីហា​។​

​ចាប់តាំងពី​ឆ្នាំ​២០០៤ បញ្ជាការដ្ឋាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​អាមេរិក បានធ្វើ​អ្វីដែល​ខ្លួន​ហៅថា​កម្មវិធី “​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់​ជា​និរន្ត​” ។​

​យោងតាម​បញ្ជាការដ្ឋាន ការហ្វឹកហាត់​នេះ​ធ្វើឡើង​ក្នុង​ដែន​ស្របច្បាប់​ដែល​គូសវាស​ដោយ​ច្បាប់​អន្តរជាតិ ។​យន្តហោះ​B-52​បាន​ហោះ​ទៅកាន់​សមុទ្រ​ចិន​ខាងកើត​ក្រោ​​យ​ពី​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​Barksdale នៅ​រដ្ឋ​ល្វី​សៀ​ណា​។​ក្រោយ​ធ្វើការ​ហ្វឹកហាត់ យន្តហោះ​បាន​ចុះ​នៅ​មូលដ្ឋាន​ទ័ពអាកាស​Andersen ក្នុង​ទឹកដី​អាមេរិក​។​

​កាលពី​ខែមិថុនា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ហួ ជុន​យី​ង ហាក់​មិន​ទទួលយក​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​ជិតគ្នា​នោះ​​ដោយ​លោកស្រី​បាន​និយាយថា​” ប្រព្រឹត្ត​បែប​មនុ​ស្សព្រៃ​វា​គ្រោះថ្នាក់​ណាស់​”​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​”​ចិន​មិន​ខ្លាច​អ្វីដែល​ហៅថា នាវា​យោធា​ឬ​យន្តហោះ​ចម្បាំង​ឡើយ ហើយ​យើង​គ្រាន់តែ​ចាត់​គ្រប់​វិធានការ​ចាំបាច់​បន្ថែម​ដើម្បី​​ការពារ​អធិបតេយ្យភាព​និង​ស្ថិរភាព​របស់​ប្រទេស ដើម្បី​ការពារ​សន្តិភាព​និង​ស្ថិរភាព​សមុទ្រ​ចិន​ខាងត្បូង​”​។​

​កាលពីដើម​ខែមិថុនា ក្រោយពី​យន្តហោះ B-52​ហោះ​ពីលើ​តំបន់ លោកស្រី​ហួ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​សង្ឃឹមថា អាមេរិក​អាច​បញ្ជាក់​អោយ​ច្បាស់​ថា​តើ​ខ្លួន​​គិតថា​ការបញ្ជូន​សព្វាវុធ​វាយលុក​យុទ្ធសាស្ត្រ ដូចជា​យន្តហោះ​B-52​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ជាការ​ធ្វើ​យោ​ធូប​នីយកម្ម​ដែរឬទេ​…​ប្រសិនបើ​អ្នក​តែងតែ​នាំ​សព្វាវុធ​​ធុន​ធ្ងន់​មកកាន់​មាត់​ទ្វារផ្ទះ​របស់ខ្ញុំ មិនអោយ​ខ្ញុំ​ពង្រឹងសមត្ថភាព​សន្តិសុខ​និង​ការពារ​ខ្លួន​ម្តេច​នឹង​កើត​?”៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម