ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ម៉ូតូ បើកបរ ក្នុងល្បឿនលឿន ក្នុងស្ថានភាពងងឹត នាពេលយប់ បានបុករ៉ឺម៉កគោយន្តពីក្រោយដែលគ្មានចំណាំងផ្លាត និងភ្លើងបំភ្លឺបណ្តាលឱ្យអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែង ។ ចំណែក អ្នកបើកបរគោយន្ត គេចខ្លូនបាត់ក្រោយពីបានឃើញសភាពដូច្នេះ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧ យប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតនៅចំណុចមុខស្នាក់ការគណបក្សឃុំថ្មពួក ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនោះ បណ្តាលឲ្យស្លាប់យុវជនម្នាក់។ជនរងគ្រោះ ឈ្មោះ ហឿម លីហួត អាយុ ១៩ ឆ្នាំ មានលំនៅ នៅភូមិគោកសំរោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានស្លាប់ភ្លាមៗ ។
ប្រភព បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា ឌ្រីមសេរី២០១៦ ក្នុងល្បឿនលឿន ទៅបុករ៉ឺម៉កគោយន្តពីក្រោយ ពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
គោយន្តនោះ គ្មានដាក់បន្ទះចាំងផ្លាត និងគ្មានភ្លើងបំភ្លឺ ។ ក្រោយមានគ្រោះថ្នាក់បែបនេះ អ្នកបើកបរ និងជាម្ចាស់គោយន្ត បានគេចខ្លួនបាត់ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ស្រុកថ្មពួក បានឱ្យដឹងថា មធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC