​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​រដ្ឋមន្ត្រីការបរទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​តុលា​បាន​អំពាវនាវ​អោយ​មាន​ការផ្អាក​ការ​បង្ហូរឈាម​គ្នា​នៅ​អ៊ីស្រាអែល និង​នៅ​កិច្ចប្រជុំ​មួយ​ជាមួយ​សមភាគី​រុស្ស៊ី បាន​និយាយថា បណ្តា​មហាអំណាច​ពិភពលោក​គួរ​រួមគ្នា​ធ្វើ​ការបញ្ចៀសមហន្តរាយ​មនុស្សធម៌​មួយ​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​ពិភាក្សា​អំពី​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី នៅ​ក្រុង​ប៉េកាំង​មុន​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មកកាន់​ចិន​នៅ​សប្តាហ៍​នេះ​។​

​លោក​វ៉ាង បាន​ប្រាប់​លោក​លោក​ឡាវ​រ៉ូវ​ថា «​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវតែ​ចាត់វិធានការ និង​មហាអំណាច​ធំៗ​គួរ​ដើរ​តួនាទី​សកម្ម​មួយ​។​វា​សំខាន់​ណាស់​ដែល​ត្រូវ​មាន​ការផ្អាក​ការប្រយុទ្ធ​គ្នា​មួយ ដោយ​ភាគី​ទាំង​ពីរ​វិល​ទៅ​កាន់​តុ​ចរចា ហើយ​បណ្តាញ​មនុស្សធម៌​គ្រាអាសន្ន​មួយ​ត្រូវ​តែ​បង្កើតឡើង​ដើម្បី​រារាំង​កុំអោយ​មាន​វិបត្តិ​មនុស្សធម៌​បន្ថែម​»​។​

​សូមបញ្ជាក់​ថា ទាំង​រុស្ស៊ី​និង​ចិន​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ។​ប្រទេស​ទាំង​ពីរ​បាន​បាន​និយាយ​ថា​បញ្ហា​គ្រឹះ​នៃ​ជម្លោះ​នេះ​គឺ​កង្វះ​យុត្តិធម៌​សំរាប់​ប្រជាជន​ប៉ាឡេ​ស្ទីន​។​

​ប៉ាឡេ​ស្ទីន​ចង់​បានរ​ដ្ឋ​មួយ​នៅ​តំបន់​វេស​ប៊ែង​និង​ហ្កា​ហ្សា​ស្ទ្រីប ដោយ​ទីក្រុង​ហ្សេ​រុយសា​ឡឹម​ខាង​កើតជា​រដ្ឋធានី​របស់ខ្លួន ។​ទឹក​ដី​ទាំងនេះ​ត្រូវ​អ៊ីស្រាអែល​ចាប់​យក​ក្នុង​សង្គ្រាម​ឆ្នាំ​១៩៦៧​។​

​រុស្ស៊ី​ថ្កោលទោស​ទាំង​ពួក​ជ្វី​ហ្វ​និង​ប៉ាឡេ​ស្ទីន​ចំពោះ​អំពើ​ហិង្សា​នេះ តែ​លោកពូ​ទី​ន​បាន​រិះគន់​អាម៉េរិក​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយថា ជា​មធ្យោបាយ​ខ្វះចន្លោះ​របស់​អាម៉េរិក​ដែល​មិន​អើពើ​ចំពោះ​តំរូវការ​សំរាប់​រដ្ឋប៉ាឡេ​ស្ទីន​ឯករាជ្យ​មួយ​។​

​ក្នុងអំឡុង​កិច្ចពិភាក្សា​ទ្វេភាគី លោក​ឡាវ​រ៉ូវ​និង​លោក​វ៉ាង​ក៏បានពិភាក្សា​អំពី​ជម្លោះយោ​ធានៅ​អ៊ុ​យក្រែន និង​កិច្ចខិតខំ​ដោះស្រាយ​វា​តាម​«​វិធីសាស្ត្រ​នយោបាយ​និង​ការទូត​»។

កាលពីថ្ងៃអាទិត្យលោកវ៉ាងបានទូរស័ព្ទទៅកាន់សមភាគីអ៊ីរ៉ង់និងបានបញ្ជា្កក់ថា ចិនគាំទ្រ«បុព្វហេតុត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការការពារសិទ្ធិជាតិរបស់គេ។មូលហេតុឬសគល់…នៃស្ថានការណ៍ប៉ាឡេស្ទីន-អ៊ីស្រាអែលគឺថា សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនដើម្បីមានរដ្ឋនឹងគេត្រូវបានទុកចោលយូរពេកហើយ»។

លោកបានបន្តថា «អយុត្តិធម៌ប្រវត្តិសាស្រ្តនេះគួរត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ។ចិននឹងបន្តឈរនៅខាងសន្តិភាព ហើយគាំទ្របុព្វហេតុត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងការការពារសិទ្ធិជាតិរបស់គេ»៕