ដោយៈទេពកង្រី/កំពង់ឆ្នាំង: នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣នេះភ្លៀងនៅតែបន្តធ្លាក់ទាំងយប់ទាំងថ្ងៃធ្វើឲ្យទឹកទន្លេសាបមានការហក់ឡើងក្រោយបុណ្យភ្ជុំបិណ្ឌរួចធ្វើអោយភូមិឋានរបស់ស្រុកមួយចំនួននៅក្នុងខេត្តបន្តរងការលិចលង់ ប៉ុន្តែមិនទាន់មានការខូចខាតធំដុំនៅឡើយ ។

ពាក់ព័ន្ធនឹងបញ្ហា នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបន្តធ្វើការអំពានាវជាថ្មីម្តងទៀតឲ្យប្រជាពលរដ្ឋលើកកំពស់ការប្រុងប្រយ័ត្ន ជាពិសេសបងប្អូនដែលរស់នៅតាមដងទន្លេសាបទាំងអស់ក្នុងខេត្តដែលមានស្រុកបរិបូរណ៍ ស្រុកកំពង់លែង ស្រុករលាប្អៀរ ស្រុកជលគីរីនិងស្រុកកំពង់ត្រឡាច ត្រូវមានការប្រុងប្រយត្ន័ចំពោះហានិភ័យនិងគ្រោះធម្មជាតិផ្សេងៗកើតឡើងជាយថាហេតុនៅពេលបងវ្អូនធ្វើដំណើរទៅមកតាមដងទន្លេខ្លាចភ្លៀង ខ្យល់ ផ្គ រន្ទះនិងរលកធំៗផងដែរ ។

បើយោងតាមរបាយការណ៍របស់លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមខេត្តកំពង់ឆ្នាំងមានកម្ពស់៨,៨៥ម តែបើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់១០ម ស្ថានភាពទឹកដែលត្រូវប្រកាស់អាសន្នមានកម្ពស់ ១១ ម  ។ P / N