ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ  រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គឺប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជិត ២ សែននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនជាង ១សែននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ នេះ។

គ.ជ.ប បានឲ្យដឹងថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីដប់ប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេសមានប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៩.៩៩៦ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.១១៨ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៩១៧ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៨៧៧ នាក់។ 

គ.ជ.ប បានបញ្ជាក់ថា លទ្ធផលសរុបរយៈពេល ១៥ ថ្ងៃ (ពីថ្ងៃទី ១-១៥ តុលា) នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ផាមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៩០.១៨៨ នាក់ មានអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០២.៦៩៤ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១៥.២៧៣ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣៦.១៥៤ នាក់។ 

គ.ជ.ប បានបន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NEC KH ។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។ 

សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/voter-list-revision-2023 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រចាំថ្ងៃ៕ V / N