ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងកាលបរិច្ឆេទ ចុងក្រោយ ដែលមានវត្តរងគ្រោះ ដោយទឹកជំនន់ និងអត្តខាត់ ពុំសូវមានពុទ្ធបរិស័ទ ចូលរួម ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៃចំណោមខេត្ត៥ នៅជុំវិញបឹង ទន្លេសាប (កំពង់ឆ្នាំង ពោធិសាត់ កំពង់ធំ សៀមរាប បន្ទាយមានជ័យ) នោះ កាលពីល្ងាចថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ បានទទួលរួចរាល់នូវអង្ករ មី និងបច្ច័យ ជាសទ្ធាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី -ហ៊ុន ម៉ាណែត។

ពិធីត្រូវមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត សហការនឹងគណៈសង្ឃខេត្ត ស្រុក អាជ្ញាធរស្រុក បានរៀបចំធ្វើ នៅវត្តវេឡុវ័ន្តឫស្សីក្រោក ជាវត្តអនុគណស្រុកមង្គលបូរី ដែលប្រតិភូក្រសួងធម្មការ និងសាសនា ដឹកនាំដោយលោក ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី និងមន្ត្រី បាន ចុះសួរសុខទុក្ខ​និងប្រគេនទេយ្យទាន ជាសទ្ធាដ៏ថ្លៃថ្លានោះ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដែលមានសទ្ធា និងជួយរំលែកដោះស្រាយ ទុក្ខលំបាក ដោយបានប្រគេនដល់វត្ត ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ៩ វត្ត នៅស្រុកមង្គលបូរី។

វត្តទាំងនោះ រួមមាន ១-វត្តសាយសាមនន្ទារាម ឃុំចំណោម, ២-វត្តបទុមបារមីយារាម គោកសំរោង, ៣-វត្តវេឡុសុវណ្ណារាមហ៊ុបឫស្សី, ៣-វត្តសទ្ធារុក្ខារាមបល្ល័ង្គជ្រៃ, ៤-វត្តឃុំសឿ, ៥-វត្តកេតុរង្សីសុខរតនារាមចក ឃុំរហាត់ទឹក, ៦-វត្តត្រៃបទុមារាមសំបួរ, ៧-វត្តបុណ្ណវឹវឹកសរារាមស្រះឈូក ឃុំសំបួរ, ៨-វត្តមហាកោសលលោករាម តាសល់ចាស់ ឃុំគោកបល្ល័ង្គ និង៩-វត្តចេតនារាមបឹងឃ្លាំង ឃុំតាឡំ ។

វត្តទាំង ៩ មានព្រះសង្ឃគង់នៅ ៧៤ អង្គ គ្រហស្ថ (អាចារ្យ គណៈកម្មការ) ២៥ នាក់ ហើយទទួលសម្ភារ: អង្គរសរុប ១៤០ ការ៉ុង មី១៧៥កេស ។ វត្តនិមួយៗ ទទួលបាន ខុសគ្នាលើអង្ករ និងមី គឺទៅតាមចំនួនព្រះសង្ឃ និងគ្រហស្ថ តែបានបច្ច័យ ២០ ម៉ឺនរឿល ស្មើៗគ្នា លើថ្លៃដឹកជញ្ជូន ។

លោក ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកទឹកចិត្ត ដល់ព្រះសង្ឃ ដែលនិមន្តមកពីវត្តផ្សេងៗ ដើម្បីមានចង្ហាន់គ្រប់គ្រាន់ ក្នុងរយៈពេល បុណ្យភ្ជុំបិណ្ឌ ដែលកន្លងទៅថ្មីៗនេះ ។ ប៉ុន្តែសូមចូលរួមរំលែកការលំបាក ត្បិតសង្កេត ឃើញថា វត្តមួយចំនួន ពុំមានសូវមានពុទ្ធបរិស័ទ ទៅកាន់បិណ្ឌ និងភ្ជុំបិណ្ឌឡើយ ដែលប្រការនេះ ធ្វើឱ្យព្រះសង្ឃ ខ្វះខាតនូវចង្ហាន់ និងបច្ច័យ សម្រាប់កសាងវត្តអារាម ៕/V/r