​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន នឹង​ធ្វើ​ដំណើរ​ទៅកាន់​អ៊ីស្រាអែល​និង​ហ្សកដានី​នៅ​ថ្ងៃ​ពុធ​ស្អែក​ដើម្បី​ជួប​ទាំង​ជាមួយក្រុម​មេដឹកនាំ​អ៊ីស្រាអែល​និង​អារ៉ាប់ នៅពេល​ការ​ព្រួយបារម្ភ​កំពុង​កើនឡើង​ខ្លាច​ជម្លោះ​អ៊ីស្រាអែល​-​ហា​ម៉ាស​អាច​រីក​រាលដាល​ទៅ​ជា​ជម្លោះ​តំបន់​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន បានប្រកាស​ដំណើរ​របស់​បៃ​ដិន​ទៅកាន់​អ៊ីស្រាអែល​នៅពេល​ស្ថានភាព​មនុស្សធម៌​នៅ​ហ្កា​ហ្សា​ស្ទ្រី​បកាន់តែ​អាក្រក់ទៅ និង​អ៊ីស្រាអែល​ត្រៀម​ការ​វាយ​ប្រហារ​ជើងគោក​លើ​ចំណិត​ដី​ទំហំ​៣៦៥​គីឡូម៉ែត្រ​ការ៉េ​នេះ ដើម្បី​បោសសម្អាត​ពួក​យុទ្ធជន​ហា​ម៉ាស ដែល​ទទួលខុសត្រូវ​ចំ​ពោះ​អ្វី​ដែល​អាម៉េរិក​និង​មន្ត្រី​អ៊ីស្រាអែល​និយាយថា ការវាយប្រហារ​សម្លាប់​ជន​ជាតិ​ជ្វី​ហ្វ​ច្រើន​បំផុត​ចាប់តាំងពី​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​លើ​ជនជាតិជ្វី​ហ្វ​ក្នុងអំឡុង​សង្គ្រាមលោកលើកទីពីរ​ដែល​គេ​ហៅថា ហូ​ឡូខូ​ស​(Holocaust)​។​

​គេ​រំពឹងថា​លោកបៃ​ដិ​ននឹង​បញ្ជូន​សារ​គាំទ្រ​រឹងមាំ​បំផុត​សំរាប់​អ៊ីស្រាអែល​។​រដ្ឋាភិបាល​របស់​លោក បាន​សន្យា​គាំទ្រ​យោធា ដោយ​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ពីរ​ក្រុម​ទៅ​កាន់​តំបន់​នោះ និង​បាន​បញ្ជូន​ជំនួយ​ក៏ដូចជា​គ្រាប់រំសេវ​ទៅអោយ​អ៊ីស្រាអែល​ផងដែរ​។ ពួក​មន្ត្រី​បាន​និយាយថា ពួកគេ​នឹង​សុំ​អោយ​សភា​អោយ​អនុម័ត​ជំនួយ​បន្ថែម​ពីរពាន់​លាន​ដុល្លារ​សំ​រាប់​ទាំង​អ៊ុយ​ក្រែ​ន​និង​អ៊ីស្រាអែល​។​

​លោក​ប្លីង​កិន បាន​ប្រកាស​អំពី​ដំណើរ​របស់​បៃ​ដិន​នៅ​ដើម​ថ្ងៃ​អង្គារ​នេះ​ក្រោយ​លោក​បាន​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក​លោក ច​ន ឃឺ​ប៊ី បានប្រកាសថា លោកបៃ​ដិ​ន​ក៏នឹង​ទៅ​កាន់​ប្រទេស​ហ្សកដានី ដើម្បី​ជួប​ស្តេច អាប់​ឌុល​ឡា ប្រធានាធិបតី​អេ​ហ្ស៊ី​ប​និង​ប្រធា​នា​ធិបតី​ប៉ាឡេ​ស្ទីន​៕

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​និយាយ​នៅ​ក្រុង​តែ​ល​អា​វីវ កាលពី​ថ្ងៃ​១៧​តុលា ក្រោយ​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ទាំងយប់

​លោក​ប្លីង​កិន ស្តាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​និយាយ​ក្នុងជំនួប​នៅ​ក្រុង​តែ​ល​អា​វីវ កាលពី​ថ្ងៃ​ចន្ទ