ទឹកជំនន់​ទន្លេមេគង្គ រាលដាល​ដល់​ព្រៃវែង បណ្តាល​ឲ្យ​ប្រជាជន​រង​ប៉ះពាល់​និង​ស្លាប់​កើន​

1085
ចែករម្លែក
  • 123
    Shares

​ដោយៈ​ម៉េង​ឆៃ​​ភ្នំពេញៈ ទឹកជំនន់​ទន្លេមេគង្គកាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ បាន​វាយប្រហារ​ដល់​ខេត្ត​ព្រៃវែង​​​ហើយ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន ៤៥៨ គ្រួសារ នៅ ប្រាំមួយ​ស្រុក​។ រាប់ទាំង​ខេត្តព្រៃវែង ទឹកជំនន់​ទន្លេមេគង្គ នាពេលនេះ បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ប្រាំ គឺ​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ ខេត្ត​កំពង់ចាម និង​ខេត្តព្រៃវែង ដោយមាន​ប្រជាជន​រងគ្រោះ​សរុប ៣៩.២៤៣ គ្រួសារ និង​មាន​អ្នកស្លាប់​ដោយ​លង់ទឹក កើន​ដល់ ប្រាំ​នាក់​។

សកម្មភាព​ការពារ​ទឹកជំនន់​នៅ​ខេត្តព្រៃវែង​(​រូបថត​ផេ​ក ក្រសួង​ធនធានទឹក​)

​ ​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៦ ខែ​សីហា​ថា ទឹកជំនន់​ទន្លេមេគង្គ នៅ​ប្រាំមួយ​ខេត្ត (​ខេត្តស្ទឹងត្រែង​, ក្រចេះ ,​ត្បូងឃ្មុំ​,​កំពង់ចាម និង​ខេត្តព្រៃវែង ) បាន​ប៉ះពាល់​ស្រុក​ចំនួន ២៧ ស្រុក និង ១៤១ ឃុំ​សង្កាត់ ដោយ​ប៉ះពាល់​ដល់​ប្រជាជន​សរុប ៣៩.២៤៣ គ្រួសារ​​។ ក្នុងនោះ មាន​ប្រជាជន ៤.៩២៩ គ្រួសារ ត្រូវបាន​ជម្លៀស ទៅកាន់​ទីទួល​សុវត្ថិភាព ចំនួន ៥៣ កន្លែង នៅក្នុង​ខេត្ត​ទាំង ៥​។ ប្រជាពលរដ្ឋ​រងគ្រោះ​ស្លាប់​ប្រាំមួយ​នាក់ ក្នុងនោះ នៅ​ខេត្តកំពង់ចាម ៣​នាក់ ខេត្តក្រចេះ ម្នាក់ និង​នៅ​ខេត្តស្ទឹងត្រែង ពីរ​នាក់ ហើយ​មាន បួន​នាក់ ជា​កុមារ​។

​ ​លោក កែវ វី បន្តថា ផ្ទះ​ដែល​ខូចខាត ដោយសារ​ការបាក់​ច្រាំងទន្លេ មាន​ចំនួន ១៥​ខ្នង​។ សាលារៀន​លិច​ទឹក មាន​ចំនួន ១៤២ កន្លែង​។ វត្ត និង​វិហារ​អ៊ីស្លាម លិច​ទឹក មាន​ចំនួន ៨០ កន្លែង​។ មណ្ឌល​សុខភាព លិច​ទឹក ចំនួន​ប្រាំ​មួយកន្លែង​។ សត្វពាហនៈ គោ ក្របី សេះ ពពែ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ចំនួន ១៦.៨១០ ក្បាល​។ ស្រូវ​សន្ទូង​លិច​ទឹក ចំនួន ១៣៣៧៦ ហិកតា និង​ដំណាំ​រួមផ្សំ លិច​ទឹក​ចំនួន ៤៨៧៨ ហិកតា​។ បាក់​ច្រាំងទន្លេ ៧​កន្លែង នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​ប្រវែង​សរុប ៦.៤៩០ ម៉ែត្រ​។​

​ ​សម្រាប់តែ​ខេត្តព្រៃវែង ដែល​ទើបតែ​លិចលង់​ចុងក្រោយ​គេ ក្នុងចំណោម​ប្រាំ​ខេត្ត​នេះ ត្រូវបាន​លោក កែវ វី បញ្ជាក់ថា នៅ​ខេត្តព្រៃវែង ការលិចលង់​មាន​ចំនួន ប្រាំមួយ​ស្រុក ៣២​ឃុំ​សង្កាត់ ផ្ទះ​ដែល​លិច​ទឹក មាន​ចំនួន ៤៥៨ ខ្នង សាលារៀន​លិច​ទឹក ១១​កន្លែង វត្ត​អារាម​លិច​ទឹក ១​កន្លែង មណ្ឌល​សុខភាព​លិច​ទឹក ១​កន្លែង ជម្លៀស​គោក្របី ៦៨​ក្បាល ស្រូវ​សន្ទូង​ពង្រោះ លិច​ទឹក​ចំនួន ៦៧១៣ ហិកតា និង​ដំណាំ​រួមផ្សំ លិច​ទឹក ១៧ ហិកតា ព្រមទាំង​ផ្លូវលំ​លិច​ទឹក ២៨៥៦៦ ម៉ែត្រ​។

​ ​ចំពោះមុខ​គ្រោះមហន្តរាយ​ទឹកជំនន់​នេះ លោក កែវ វី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បន្ថែមទៀត ពិសេស​លើ​កូនចៅ និង​កុមារ ដែល​ងាយ​រងគ្រោះ​ជាងគេ​។ ក្នុងនោះ ឪពុកម្តាយ និង​អាណាព្យាបាល ត្រូវ​បង្កើន​ការ​មើលថែ​កូនចៅ ឲ្យ​បាន​ដិតដល់​ជាង​មុន ដោយ​អ្នករងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​ប្រុងប្រយ័ត្ន​ទាំង​ការហូបចុក ព្រោះ​នៅពេល​ទឹក​ឡើង​លិច​ដូច្នេះ មាន​ជំងឺ​ច្រើន ព្រមទាំង​ការហាមឃាត់​កូនចៅ​តូចៗ កុំ​ឲ្យ​លេង​ទឹក​ឡើង​លិច​នោះ ដែល​អាច​នាំ​ដល់​គ្រោះថ្នាក់​ជាយថាហេតុ​៕សរន

សកម្មភាព​ការពារ​ទឹកជំនន់​នៅ​ខេត្តព្រៃវែង​(​រូបថត​ផេ​ក ក្រសួង​ធនធានទឹក​)

ទីតាំងផ្សាយពាណិជ្ជកម្ម