ដោយៈសុផល/ភ្នំពេញ៖នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣មានប្រជាពលរដ្ឋខ្មែរ និងបរទេសធ្វើដំណើរកម្សាន្តជាងពីរលាននាក់។ក្នុងនោះ ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង៥២,២ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ចំណែកទេសចរបរទេស ប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។
ក្រសួងទេសចរណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេលបីថ្ងៃនេះ រួមមាន៖១. ត្បូងឃ្មុំ : ៤៤០.៣០០ នាក់,២. បាត់ដំបង : ២១១.៣២៩ នាក់,៣. កំពង់ឆ្នាំង : ១៦៨.០៦១ នាក់,៤. ព្រះសីហនុ : ១៥៧.០៤៦ នាក់និង៥. សៀមរាប : ១២៥.៤៤៩ នាក់ ។
ជាការកត់សម្គាល់លើរបាយការណ៍ស្ថិតិទេសចរណ៍នេះ រួមមាន៖ស្ថិតិទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត បានរាប់បញ្ចូលចំនួន ទេសចរជាតិនិងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុកនិងតាមទីតាំងរៀបចំកម្មវិធី នានា។ជាមួយគ្នានេះតាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកម្សាន្តខេត្ត របស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូក បណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួចខេត្តកំពង់ឆ្នាំងមានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដទៃទៀតនៅគ្រប់រាជធានី ខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុកតំបន់គោលដៅទេសចរណ៍ សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ៕សរន / N