ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចធ្វើការ ប្រកាសបិទមន្ទីរសម្រាកព្យាបាលឯកជន ២ កន្លែង នៅក្នុងរាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា មិនបានគោរពតាមកិច្ចសន្យា ជាមួយក្រសួងសុខាភិបាល ,បង្កកំហុសច្រើនដង និងមិនមានធនធានមនុស្ស។
ក្នុងសេចក្តីសម្រេច ២ ចេញផ្សេងៗគ្នា នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ គេឃើញ ក្រសួងសុខាភិបាល បានធ្វើការបិទទីតាំងទី១ មន្ទីរសម្រាកព្យាបាលឯកជន ឈ្មោះ សែនមានជ័យ ដែលមានទីតាំងនៅផ្ទះលេខ៧B3-៨B3 ផ្លូវលេខ១០៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្តកំហុសដដែលៗ ដោយបានយករថយន្តសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយ ក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធ ដែលបានស្នើសុំ។
ដោយឡែក មន្ទីរពហុព្យាបាលឯកជន មួយទៀត ឈ្មោះ មេត្រូ អអិលវី ដែលមានទីតាំង នៅផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ត្រូវបានប្រកាសឱ្យបិទទ្វារដូចគ្នា ដោយក្រសួងសុខាភិបាល បញ្ជាក់មូលហេតុថា មន្ទីរពហុព្យាបាលមួយនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺ ទៅវះកាត់ ប្តូរសរីរាង្គតម្រងនោម នៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រង លើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និង សរីរាង្គមនុស្ស៕/V/r