ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អតីតអ្នកប្រដាល់ជើងខ្លាំងថៃ ហ្វា នីមីត (Fa Nimith) បានបង្ហាញខ្លួនជាថ្មីមកវិញហើយ លើសង្វៀន TV5 ដោយជួបតតាំង ជាមួយ អ្នកប្រដាល់កម្ពុជា វេង សុភ័ក្ត្រ ក្លិបបញ្ជាការដ្ឋានទ័ពពិសេស។

នេះជាការជួបគ្នា រវាងអ្នកប្រដាល់ដែលចាស់វស្សាដូចគ្នា។ សុភ័ក្រ្ត ជាអ្នកប្រដាល់ ដែលមានកម្លាំងគ្រប់គ្រាន់ សម្រាប់តស៊ូជាមួយគូប្រកួតអ្នកប្រដាល់រូបនេះ គ្រប់ស្ថានភាពប្រកួតគេ មិនប្រើកម្លាំងខ្ជះខ្ជាយឡើយ។ អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួត ចំនួន ៩៥ ដង ឈ្នះ ៧១ ដង ចាញ់ ២៣ ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន ១៧ ដង។

ចំពោះអ្នកប្រដាល់ថៃ ហ្វា នីមីត វិញ កលល្បិចវ៉ៃរបស់គេ អស្ចារ្យណាស់ តែពេលនេះ គេមានវ័យច្រើនបន្តិចហើយៗ កម្លាំងរបស់គេ ក៏មិនសូវជាអស្ចារ្យ ដូចពី ៤ ឬ ៥ ឆ្នាំ មុនដែរ។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតស្រុកខ្មែរ ញឹកញាប់ណាស់ ដែលការប្រកួត ភាគច្រើន គេតែងតែបានទទួលជ័យជំនះ។

គេមានប្រវត្តិប្រកួត ចំនួន ១៥០ ដង ឈ្នះ ១០១ ដង ចាញ់ ៤៤ ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់ ៣២ ដង។ ហ្វានីមីត លើកនេះ ដូចហ្វានីមីត ពីមុនឬទេ តើគេអាចសាងជ័យជំនះ ត្រឡប់ទៅវិញ បានដែរឬអត់?។

ហ៊ឹម គឹមរៀង ក្លិបសុភាពគុនខ្មែរ ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ កាំរ៉ៃ ងិន (Kamray Ngen) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។

អ្នកប្រដាល់កម្ពុជា ហ៊ឹម គឹមរៀង អាចចាត់ចូលក្នុងចំណាត់ថ្នាក់អ្នកខ្លាំង ក្នុងចំណោម អ្នកខ្លាំង ពីព្រោះគេធ្លាប់ប្រជែងបានមេដាយពីស៊ីហ្គេម។ អ្នកប្រដាល់កម្ពុជា រូបនេះ មានប្រវត្តិប្រកួត ចំនួន ៥១ ដង ឈ្នះ ៤៥ ដង ចាញ់ ៦ ដង ស្មើពិន្ទុ ១ដង និងវាយ គូប្រកួតឲ្យសន្លប់បាន ចំនួន ១០ ដង។

ចំពោះ កាំរ៉ៃ ងិន វិញ គេពុំធ្លាប់ដែលមកប្រកួតនៅស្រុកខ្មែរឡើយ តែគេហ៊ានតស៊ូ ជាមួយ ហ៊ឹម គឹមរៀង បែបនេះ ទំនងជាមិនមែនជាអ្នកប្រដាល់ ខ្សោយនោះទេ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន ៧៨ ដង ឈ្នះ ៦១ ដង ចាញ់ ១១ ដង ស្មើពិន្ទុ ៦ ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន ២០ ដង។

ជាអ្នកប្រដាល់ឆ្លងដែនមកថ្មី ជួបជាមួយខ្លាចាស់ ទម្ងន់ស្រាលរបស់កម្ពុជា តើជ័យជំនះ ជារបស់ ហ៊ឹម គឹមរៀង ឬជារបស់ កាំរ៉ៃ ងិន?។

ជើងខ្លាំងជំនាន់ក្រោយ រិន ដេវីដ ក្លិបនាគរាជចតុមុខ ត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នក ប្រដាល់ថៃ កាំរ៉ៃ ថង (Kamray Thang) ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ ដោយមានប្រវត្តិប្រកួតចំនួន ១០១ ដង ឈ្នះ ៨១ ដង ចាញ់ ១៦ ដង ស្មើពិន្ទុ ៤ ដង និងវាយគូប្រកួតឲ្យសន្លប់បាន ចំនួន ១០ ដង តើ រិនដេវីដ អាចយកឈ្នះកាំរ៉ៃថង ដែលមានប្រវត្តិប្រកួត ចំនួន ១២១ ដង ឈ្នះ ៩១ ដង ចាញ់ ២៥ ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់ ២៥ ដង បានឬទេ?។

ចំពោះការប្រកួត រវាងអ្នកប្រដាល់រួមជាតិវិញនោះ គឿម សុវណ្ណង៉ា ក្លិបឃ្លាំងមឿង កីឡាប្រកួតជាមួយ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ ធន អៀងឡៃ ក្លិប កងយោធពលខេមរភូមិន្ទ ប្រកួតជាមួយ ឃន សុម៉ាលី ក្លិបមេសថ្ងក ខេត្តស្វាយរៀង ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម៕/V/r