ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត កាលពីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យកិច្ចការ អនុគណ:កម្មការសិល្បៈ សប្បាយភាព នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក ឆ្នាំ២០២៣ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ខេត្តស្វាយរៀង នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ និងមានប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក  ដែលជាកម្មពិធីដ៏ធំមួយរបស់ជាតិ ហើយនឹងលេចរូបរាង ឡេីងក្នុងពេលដ៏ខ្លីឆាប់ៗនេះ ជាពិសេស គឺមានកម្មវិធីសប្បាយៗជាច្រើន នៅថ្ងៃនោះ ផងដែរ។

លោកក៏បានប្រសាសន៍បន្ថែមទៀតថា ចំពោះអត្ថន័យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក យុវជនជំនាន់ក្រោយ ត្រូវមានភាពច្បាស់ លាស់ និងស្វែងយល់ពីអត្ថន័យ ឱ្យបានត្រឹមត្រូវ ព្រោះព្រះរាជពិធីមួយនេះ ជាអត្តសញ្ញាណ របស់ជាតិទាំងមូល ។

សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកសាកល វិទ្យាធិការរង នៃសាកលវិទ្យាល័យ ស្វាយរៀង លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រី អភិបាលរងក្រុងស្វាយរៀង លោកនាយកទីចាត់ការរដ្ឋបាលខេត្ត លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអ្នកដែលពាក់ព័ន្ធជាច្រើនទៀត៕ V / N