ដោយៈ សុផល / ភ្នំពេញ៖ សមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ ដែលជា តំណាងរាស្ត្រក្នុងតំណែង នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ បានចាប់ផ្ដើមអញ្ជើញ ចូលរួមចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលសមត្ថកិច្ច ពីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ក្នុងការចុះឈ្មោះបោះឆ្នោត ជូនអ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ដែលមានការិយាល័យចុះឈ្មោះ បោះឆ្នោតមួយ ត្រូវបានបង្កើតឡើង នៅវិមានរដ្ឋសភា។
ការិយាល័យចុះឈ្មោះបោះឆ្នោតនេះ បានរៀបចំទទួលការចុះឈ្មោះតំណាងរាស្ត្រ ក្នុងតំណែង រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃពុធ ទី ១៨ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលព្រឹក ចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១១:៣០ នាទី និងពេលរសៀល ចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:៣០ នាទី លើកលែងតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
តំណាងរាស្ត្រក្នុងតំណែង ដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោត ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ ប័ណ្ណអភ័យឯកសិទ្ធិតំណាងរាស្ត្រ (អាណត្តិទី៧) ។
សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោត អសកល ដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង នៅក្នុងក្របខ័ណ្ឌភូមិភាគនីមួយៗ ។
តំណាងរាស្ត្រក្នុងតំណែងម្នាក់ៗ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងម្នាក់ៗ មានសិទ្ធិចុះឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានៅការិយាល័យបោះឆ្នោត តែមួយ នៅទីប្រជុំជនរាជធានី ខេត្ត តែមួយគត់ចំណុះភូមិភាគពាក់ព័ន្ធ៕ V / N