ដោយៈ សុក្ខារិន / ពោធិសាត់ៈ នៅថ្ងៃទី ១៨ តុលា ២០២៣ នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានព្រមានមិនឱ្យអ្នកទទួលបន្ទុកភាស៊ី និងមន្ត្រីពាក់ព័ន្ធ យកភាស៊ី ពីអ្នកលក់ដូរទំនិញ ដោយកញ្ជើ កញ្ច្រែង។

ការព្រមានបែបនេះ នៅពេលលោក ខូយ រីដា រួមដំណើរដោយលោក អភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុកក្រគរ នាយករងរដ្ឋបាលសាលាខេត្ត គណៈកម្មការ គ្រប់គ្រងផ្សារ និងអ្នកទទួលបន្ទុកភាស៊ី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខ ទុក្ខបងប្អូនអាជីវករ ដែលបាននឹងកំពុងធ្វើអាជីវកម្ម លក់ដូរទំនិញ ជាពិសេសចំពោះ អ្នកលក់ដូរទំនិញដោយកញ្ជើ កញ្ច្រែង បន្តិចបន្តួច នៅផ្សារសាមគ្គីក្រគរ។

ការចុះជួបសំណេះសំណាលនេះ លោក ខូយ រីដា បានជួបផ្ទាល់ជាមួយអ្នកលក់ដូរ កញ្ជើ កញ្ច្រែង បន្លែបន្តិចបន្តួច ជាមនុស្សចាស់ៗ ប្រមាណជាង ១០ នាក់ ដែលកន្លង មក តែងតែបង់ភាស៊ីប្រចាំនោះ ពេលនេះ អភិបាលខេត្ត បានស្នើឱ្យម្ចាស់ភាស៊ី ក៏ដូច មន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមទាំងអ្នកពាក់ព័ន្ធ បញ្ឈប់ក្នុងការបង់ភាស៊ី។

ការអនុវត្តបែបនេះ ក្នុងគោលបំណងចូលរួមចំណែកជួយផ្តល់ទីកន្លែងលក់ដូរ សម្រាប់ រកទទួលទាន ប្រចាំថ្ងៃ និងជួយលើកស្ទួយ ជីវភាពដល់ពួកគាត់ កាន់តែប្រសើរឡើង ហើយជាមួយគ្នានោះ សូមឱ្យអ្នកទទួលបន្ទុកភាស៊ី និងរដ្ឋបាលស្រុក ត្រូវរួមសហការ រៀបចំទីតាំងលក់ដូរ ឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ ទៅតាមទីតាំង បានកំណត់ ឬតាមបែបអនាធិបតេយ្យ បង្កការប៉ះពាល់ ដល់អ្នកដំណើរ។

ចំពោះសមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារ និងសន្តិសុខ ត្រូវទទួលខុសត្រូវខ្ពស់ លើការងារសន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព នៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើន ការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង រាវ​ទីផ្សារ និងប្រព័ន្ធ បង្ហូរទឹកជុំវិញផ្សារ ជាពិសេសបរិវេណមុខផ្សារ ឱ្យបានស្អាតល្អ និងមានសោភ័ណភាព ដើម្បីធានាដល់ចរន្តទឹកហូរ បានទាន់ពេលវេលា មិនបង្កឱ្យមានការកកស្ទះ ហើយក៏ជា មុខមាត់របស់ផ្សារ និងរដ្ឋបាលស្រុកក្រគរផងដែរ។

លោកអភិបាលខេត្តពោធិ៍សាត់ ក៏បានលើកឡើងផងដែរថា ផ្សារក្រគរ រហូតមកដល់ ពេលនេះ ពិនិត្យឃើញថា កាន់តែមានរបៀបរៀបរយ និងមានសោភ័ណភាពល្អច្រើន នេះគឺដោយសារការយកចិត្តទុកដាក់ ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ស្រុកក្រគរ និងស្រុកកណ្តៀង សហការជាមួយអាជ្ញាធរ ស្រុក ឃុំ គណៈ កម្មការផ្សារ និងមានការចូលរួមពីបងប្អូនអាជីវករនោះ ទើបធ្វើផ្សារមួយនេះ កាន់តែមានភាពទាក់ ទាញ ពីគ្រប់មជ្ឈដ្ឋាន។ តែទោះជាយ៉ាងនេះក៏ដោយ សូមឱ្យរដ្ឋបាលស្រុកក្រគរ គណៈកម្មការផ្សារ ត្រូវពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈម នានា ដែលកើតមានជៀសវាងបង្កការថ្នាំងថ្នាក់ ពីសំណាក់បងប្អូនអាជីវករ មកលើថ្នាក់ដឹកនាំ។

នៅពេលអញ្ជើញចុះជួបបងប្អូនអាជីវករ នៅក្នុងផ្សារសាមគ្គីក្រគរនោះ លោកអភិបាល ខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញពិសាអាហារ (បបរ គុយទាវ) មានសភាព សាមញ្ញ និងបង្កើតនូវភាពស្និទ្ធស្នាល ជាមួយបងប្អូនអាជីវករដោយក្តីរីករាយបំផុត៕ V / N