អាមេរិក​ដាក់ទណ្ឌកម្ម​សាជាថ្មី​លើ​អ៊ីរ៉ង់​

852
ចែករម្លែក

​ការដាក់ទណ្ឌកម្ម​លើកដំបូង​របស់​អាមេរិក​ប្រឆាំងនឹង​អ៊ីរ៉ង់ ដែល​ត្រូវបាន​បន្ធូរបន្ថយ​ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​នោះ បាន​ចូល​ជា​ធរមាន​ម្តងទៀត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​៧​សីហា ក្រោម​បទបញ្ជា​ប្រតិបត្តិ ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​គឺ​ផ្តោតលើ​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់​ដុល្លារ​អាមេរិក វិស័យ​យានយន្ត​របស់​អ៊ីរ៉ង់ ការទិញ​យន្តហោះ​ពាណិជ្ជកម្ម និង​លោហធាតុ​ផ្សេងៗ​រួមទាំង​មាស​ផងដែរ​។​

​ទណ្ឌកម្ម​ដែល​ផ្ដោត​សំខាន់​លើ​វិស័យ​ប្រេង​និង​ធនាគារកណ្តាល​របស់​អ៊ីរ៉ង់ នឹងត្រូវ​ដាក់​ឡើងវិញ​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​។​

​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​អាមេរិក​នេះ​បាន​បង្កើន​សម្ពាធ​លើ​សាធារណរដ្ឋ​អ៊ីស្លាម ថ្វី​ត្បិត​បើ​មាន​សេចក្តីថ្លែងការណ៍​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​ក៏ដោយ ពោលគឺ​៣​ខែ​គត់ បន្ទាប់ពី​លោក​ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ ដែល​រឹតត្បិត​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​

​លោក​ត្រាំ​បានប្រកាសថា កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ឆ្នាំ ២០១៥ គឺជា​រឿង “​ដ៏​គួរឱ្យ​តក់ស្លុត​” ដោយ​នាំឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​មាន​សមត្ថភាព​បញ្ចេញ​ទឹកប្រាក់​សន្ធឹកសន្ធាប់​ដើម្បី​ជំរុញ​ការប៉ះទង្គិច​នៅ​មជ្ឈិមបូព៌ា​។​

​អ៊ីរ៉ង់​បាន​ចោទប្រកាន់​អាមេរិក​ថា​បាន​ច្រានចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋបាល​លោក​អូ​បា​ម៉ា ហើយ​បង្កឱ្យមាន​ភាពចលាចល​ក្នុង​សេដ្ឋកិច្ច​អ៊ីរ៉ង់​នាពេល​ថ្មីៗ​នេះ​។​

​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​និយាយថា ពួកគេ “​សោកស្តាយ​យ៉ាងខ្លាំង​” ចំពោះ​សកម្មភាព​របស់​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដើម្បី​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​សាជាថ្មី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ