ដោយ៖ រ៉ាម៉ន/ភ្នំពេញ៖ បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះទី៥ របស់យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល បន្ទាប់ពីមនុស្ស ផ្លូវ ទឹក និងភ្លើង ។
បរិវត្តកម្មឌីជីថល គឺជាដំណើរការផ្លាស់ប្តូរ ឬបំលែងអ្វីមួយ ផ្សាភ្ជាប់ទៅនឹងដំណើរការ រដ្ឋបាលសាធារណៈ និងផ្តល់ចំណេះដឹងដល់មន្ត្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់ នៃរដ្ឋបាលរាជធានីភ្នំពេញ ។
នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបើក វគ្គបណ្តុះបណ្តាលបរិវត្តកម្ម ឌីជីថល ក្នុងវិស័យសាធារណៈនៅកម្ពុជា នៅថ្ងៃទី ១៨ ខែតុលាឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនិងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាងរាជរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញ វត្ថុ (FinTech, ហ្វីន តិច) និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល ។
លោក កើត ឆែ បានបន្តថា វគ្គបណ្តុះបណ្តាលនេះ សំដៅបង្កើននូវសមត្ថភាពជំនាញ ផ្នែកទន់របស់បុគ្គលិក–មន្ត្រីរាជការផង (ការអភិវឌ្ឍមូលធនមនុស្ស) និងប្រែក្លាយ រដ្ឋបាលសាធារណៈ ទៅជាអង្គភាពដែលមានសមត្ថភាពខ្ពស់ ខ្លាំង និងវៃឆ្លាត (ការពង្រឹងអភិបាលកិច្ចឌីជីថល) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។
លោកបានបញ្ជាក់ថា ទៅថ្ងៃមុខ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងត្រូវមានទីចាត់ការ –អង្គភាពបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងកំណើន និងប្រសិទ្ធភាពការងារ តម្រូវការគ្រប់គ្រងទីក្រុង និងប្រជាជន ស្របតាមការវិវត្តនគរូបនីយកម្ម និងគោល ការណ៍ ទីក្រុងវៃឆ្លាត (Smart city)។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានវត្តលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថាន អភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាគ្រូបង្គោល ព្រមទាំងសហការី និងមានការចូលរួមពីលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព អភិបាលរងខណ្ឌ តំណាងមន្ទីរ អង្គភាពចំណុះរដ្ឋបាល រាជធានីភ្នំពេញនាយក–នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការរដ្ឋបាលសមាជិក សមាជិកាទាំងអស់ ៕/V-PC