ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទិន្នន័យបានបង្ហាញនៅថ្ងៃពុធទី១៨តុលានេះថា សេដ្ឋកិច្ចរបស់ចិនបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ ប៉ុន្តែការបង្ហាញនេះនៅតែទាបជាងគោលដៅ ហើយក្រុមមន្ត្រីនៅតែបន្តប្រឈមមុខនឹងការអំពាវនាវឱ្យមានការជំរុញបន្ថែមទៀតខណៈកំពុងតស៊ូទប់ទល់នឹងវិបត្តិអចលនទ្រព្យដែលមិនធ្លាប់មានពីមុនមក។
កំណើន ៤,៩ ភាគរយនៅក្នុងខែកក្កដាដល់ខែកញ្ញាត្រូវបានជួយដោយតួលេខនៃការលក់លក់រាយដែលបានផ្តួលរាល់ការព្យាករណ៍ និងកើតឡើងបន្ទាប់ពីការព្យាករណ៍ជាវិជ្ជមានយ៉ាងទូលំទូលាយដទៃទៀត ដែលចង្អុលទៅស្ថិរភាពមួយរយៈពេល បន្ទាប់ពីភាពទន់ខ្សោយជាច្រើនខែ បើទោះបីជាមានការដកចេញនូវវិធានការកូវីដសូន្យយ៉ាងតឹងរ៉ឹងក៏ដោយ។
ប៉ុន្តែអាជ្ញាធរនៅតែកំពុងប្រឹងប្រែងដោះស្រាយភាពចលាចលនៅក្នុងវិស័យអចលនទ្រព្យ ដែលរ៉ាប់រងមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស គាំទ្រក្រុមហ៊ុនរាប់ពាន់ និង ជាប្រភពការងារដ៏សំខាន់។
ឧស្សាហកម្មអចលនទ្រព្យបានរីករាយនឹងកំណើនដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនទសវត្សរ៍ ប៉ុន្តែបញ្ហាថ្មីៗរបស់ក្រុមហ៊ុនអភិវឌ្ឍន៍សំខាន់ៗរួមមាន Evergrande និង Country Garden ឥឡូវនេះកំពុងជំរុញឱ្យមានការមិនទុកចិត្តពីអ្នកទិញ ខណៈផ្ទះជាច្រើនទុកចោលសង់មិនទាន់រួច ហើយតម្លៃបានធ្លាក់ចុះយ៉ាងគំហ៊ុក។
ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអចលនៈទ្រព្យដ៏ធំបំផុតមួយរបស់ចិននិងជាក្រុមហ៊ុនដែលគេជឿថាមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាយូរមកហើយនោះ កាលពីខែមុនបានខកខានសងការប្រាក់លើប្រាក់កម្ចី ដែលមានចំនួនសរុប ១៥,៤ លានដុល្លារ។
ក្រុមហ៊ុននេះត្រូវបានផ្តល់ពេលអនុគ្រោះរយៈពេល ៣០ ថ្ងៃដែលនឹងបញ្ចប់នៅថ្ងៃពុធទី១៨តុលា ហើយនឹងប្រឈមការខកខានសងបំណុល ប្រសិនបើក្រុមហ៊ុនមិនគោរពការសងបំណុល។
ការិយាល័យស្ថិតិជាតិបាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះបានប្រឈមមុខនឹង “បរិយាកាសអន្តរជាតិដ៏ធ្ងន់ធ្ងរនិងស្មុគស្មាញ និងកិច្ចការប្រឈមក្នុងការលើកកម្ពស់កំណែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាពនៅក្នុងស្រុក” នៅក្នុងត្រីមាសដំបូងទាំងបីនៃឆ្នាំ ២០២៣។
អាជ្ញាធរបានបង្កើនការលើកទឹកចិត្តសម្រាប់ការទិញអចលនទ្រព្យក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីពង្រឹងវិស័យនេះឡើងវិញ ប៉ុន្តែអ្នកទិញនៅតែមានការប្រុងប្រយ័ត្ន។
គ្រួសារនានាកំពុងប្រយ័ត្នប្រយែងការចំណាយរបស់ពួកគេចំពេលមានកំណើនយឺតយ៉ាវ ដែលប៉ះពាល់ដល់ការប្រើប្រាស់នៅឆ្នាំនេះ បើទោះបីជាថ្ងៃឈប់សម្រាកជាតិរយៈពេលមួយសប្តាហ៍ក្នុងខែតុលាបានជួយជំរុញការចំណាយលើវិស័យទេសចរណ៍និងសេវាកម្មផ្សេងទៀតក៏ដោយ។
ការលក់រាយ ដែលជាសូចនាករសំខាន់នៃការប្រើប្រាស់របស់គ្រួសារ បានកើនឡើងល្អជាងការរំពឹងទុក ៥,៥ ភាគរយក្នុងខែកញ្ញា៕
ចិនកំពុងជួបចលាចលវិស័យអចលនវត្ថុមិនធ្លាប់មានពីមុនមក