ដោយៈ វ៉ៃកូ / ស្វាយរៀង: រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ បានច្រានចោលនូវសំណើ ស្នើសុំកាន់ កាប់លើដីធ្លីទំហំ ៧៥ ហិកតា ១៥ អា ស្ថិតនៅភូមិវត្ត និងភូមិ បុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានប្រជាពលរដ្ឋ ចំនួន ៥ នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ ដែលបានស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទ។

ការសម្រេចច្រានចោលមិនដោះស្រាយនូវសំណើខាងលើនេះ បានធ្វើឡើងនៅក្នុង កិច្ចប្រជុំពិសេសមួយ ដែលបានប្រារព្ធធ្វើ ឡើង នៅសាលប្រជុំសាលាខេត្ត នារសៀល ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត. លោកអភិបាលស្រុករមាស ហែក អស់លោកជា មេបញ្ជាការរង ស្នងការរង តំណាង ប្រជា ពលរដ្ឋ ចំនួន ៣១ គ្រួសារ ព្រមទាំងអស់ លោក លោកស្រី ដែលមានការពាក់ព័ន្ធ ជាច្រើនរូបទៀត។

បើយោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លេខ៤៥៨/២៣ដនសស.ស្វរ ចុះកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីគោរពជូនលោក អភិបាលខេត្ត និងជាក្រុមអន្តរាគមន៍ពិសេស តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ការរុករាន ទន្ទ្រានកាន់កាប់ដីធ្លី និងដីព្រៃខេត្តស្វាយរៀង ជាអ្នកសម្រេច។

លោក មុិញ សុីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ទី១.យោងតាមស្ថាន ភាពទីតាំងដី ជាក់ស្តែង ដែលពួកគាត់កំពុងទាមទារ ជាកម្មសិទ្ធិ គឺជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមិនអាចទាមទារធ្វើជា លទ្ធកម្មកម្មសិទ្ធិបានទេ។ ទី២. ឯកសាររណបកាន់កាប់ដី ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដី ប្រើប្រាស់ដីធ្លី លេខ ០៣៤០ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៩៩២ ដែលមានទំហំ ៥ ហិកតាស្ថិតនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក និងឯកសារពាក្យ សុំបញ្ជាក់ដីសង់ លំនៅឋាន មួយចំនួនទៀត គឺស្ថិតនៅភូមិ សេរីអា ឃុំត្រស់ មិនអាចយកមកជាសំអាង និងបញ្ជាក់ស្ថានភាព នៃការកាន់កាប់ឲ្យស្របតាមច្បាប់ ដើម្បីស្នើសុំកម្មសិទ្ធិកាន់កាប់និងចេញប័ណ្ណនោះឡើយ។ ទី៣.ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យ សម្បត្តិសាធារណៈ ជាទង្វើខុសច្បាប់ មានចែងមាត្រា២៥៩ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០០១ ដូច្នេះគណៈកម្មការគ្រប់គ្រងដីរដ្ឋ និងគណៈកម្មការសុរិយោដីថ្នាក់ខេត្ត សម្រេចច្រានចោល មិនដោះស្រាយនោះឡើយ។

នៅក្នុងឱកាសនោះ លោក ម៉ែន អេង បានមានប្រសាសន៍ថា នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី សម្តេចលោកខិតខំ ណាស់ ហើយថ្នាក់ខេត្ត ក៏មិនបានព្រងើយកន្តើយនោះដែរ គឺតែងតែចុះដោះស្រាយ ជូនប្រជាពលរដ្ឋជានិច្ច។

លោកបានបន្ថែមថា ក្រោយការចុះអង្កេត វាយតម្លៃ ពីសាវតាដី ទាំងអស់ ខាងលើនោះ ជាលទ្ធផល ដីដែលប្រជាពលរដ្ឋ បានស្នើ សុំនោះ គឺមិនស្របច្បាប់ទេ ហើយរដ្ឋបាលខេត្ត នឹងផ្ញើរបាយ ការណ៍ គោរពជូនថ្នាក់ជាតិ គ្រប់ក្រសួង ស្ថាប័ន និង ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលោក ជាអ្នកធ្វើការ សម្រេច។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា អ្នកទាំងឡាយណា ដែលចូលមកកកូរកកាយ ក្នុងរឿងដី ខាងលើ នេះ គឺត្រូវអនុវត្តតាមច្បាប់។ ដូច្នេះកិច្ចការទាំងអស់នេះ ត្រូវតែ មានភាពច្បាស់លាស់ ដើម្បីបិទបញ្ចប់នូវករណីទាំង ៣១ គ្រួសារនេះតែម្តង ដើម្បីកុំឲ្យមានការយឺតយ៉ាវ បន្តទៅទៀត៕ V / N