ប្រធានាធិបតី​បារាំង​និង​ជំទាវ​ទី​១ ទទួលភ្ញៀវ​សុទ្ធតែ​តារាៗ ដែល​លើក​នេះ គឺ​ទទួល​នាង​រី​ហា​ណា និយាយ​អំពី​ការអប់រំ​

1465
ចែករម្លែក

​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​បន្ត​ឈោង​ចាប់​តារា​បន្តទៀត​កាលពី​ថ្ងៃ​ពុធ ទី​២៦ កក្កដា ដោយ​ទទួល​តារាចម្រៀង រី​ហា​ណា សម្រាប់​អ្វីដែល​នាង​ហៅថា ការជជែក “​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​” នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ប៉ារីស ពោលគឺ​ទើបតែ ២ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ទស្សនកិច្ច​របស់​តារាចម្រៀង​រ៉ុ​ក​អៀរ​ឡង់ លោក បូ​ណូ​។

​នាង​រី​ហា​ណា គឺជា​ឯកអគ្គរដ្ឋទូត​សម្រាប់​អង្គការ​មូលនិធិ “​ភាពជា​ដៃគូ​ជា​សកល​សម្រាប់​ការអប់រំ​” ដែល​កំពុង​ព្យាយាម​រៃអង្គាស​លុយ​ឱ្យបាន​ពីរពាន់​លាន​ដុល្លារ​អាមេរិក​ត្រឹម​ឆ្នាំ​២០២០ ក្នុងការ​ប្រមូល​មូលនិធិ​ប្រចាំឆ្នាំ ដើម្បី​ជួយផ្តល់​សិក្សាអប់រំ​សម្រាប់​កុមារ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​។

​កាលពី​ខែ​មុន តារាចម្រៀង​អាយុ ២៩ ឆ្នាំ​រូបនេះ បាន​ជជីក​ដេញដោល​នៅលើ​ធ្វី​ប​ធើ​ឱ្យ​លោក​ម៉ា​ក្រុង​ប្តេជ្ញាចិត្ត​ចំពោះ​អង្គការ​មូលនិធិ​នេះ ដូចដែល​នាង​បានធ្វើ​ជាមួយ​មេដឹកនាំ​ដទៃទៀត រួមទាំង​នាយករដ្ឋមន្ត្រី​កាណាដា​ដ៏​សង្ហា លោក ចា​ស្ទី​ន ទ្រូ​ដូ​។

​ខណៈ​នាង​ទើប​ចេញពី​កិច្ចប្រជុំ​ជាមួយ​លោក​ម៉ា​នូ​អែល និង លោកស្រី​ព្រី​ជី​ត តារាចម្រៀង​រូបនេះ​និយាយថា “​ខ្ញុំ​ទើបតែ​មាន​កិច្ចប្រជុំ​ដ៏​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ ជាមួយ​លោក​ប្រធានាធិបតី និង​លោកជំទាវ​ទី​១”​។​

​នាង​រី​ហា​ណា​បាន​បន្ថែមថា “​យើង​បាន​ផ្តោត​សំខាន់​លើ​ការអប់រំ​ពី​ទិដ្ឋភាព​ជាស​កល ហើយ​យើង​នឹងមាន​ការប្រកាស​ដ៏​ធំ​មួយ​ក្នុង​ខែកញ្ញា អំឡុង​សប្តាហ៍​នៃ​អ​.​ស​.​ប​។ ខ្ញុំ​ត្រូវបាន​បំផុសគំនិត​និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការដឹកនាំ​របស់គាត់​។ ខ្ញុំ​គិតថា នេះ​គឺជា​ឆ្នាំ​នៃ​ការអប់រំ​”​។​

​តារាចម្រៀង​សញ្ជាតិ​ដើម​បា​បា​ដូ​សរូប​នេះ​បាន​ពាក់អាវ​ក្រៅ​ពណ៌​ខ្មៅ​ធំ​ហួសមាឌ និង ខោ​ប្រផេះ​ធំ​ក្រ​ប៉ាងៗ​ទៅ​ប្រជុំ​នៅ​វិមាន​អេ​លី​សេ ជា​កន្លែង​ដែល​នាង​ត្រូវបាន​ស្វាគមន៍​ដោយ​ភរិយា​លោក​ម៉ា​ក្រុង​។

​ការជួបប្រជុំ​នេះ​ធ្វើឡើង ស្របពេល​លោក​ម៉ា​ក្រុង​អាយុ ៣៩ ឆ្នាំ ព្យាយាម​បំបាត់​ការចោទប្រកាន់​អំពី​ការលះបង់​និស្សិត​បារាំង ជាមួយ​គម្រោង​ចម្រូងចម្រាស​ដើម្បី​កាត់បន្ថយ​ការឧបត្ថម្ភ​ធន​សម្រាប់​លំនៅដ្ឋាន​ដែល​និស្សិត​ជាច្រើន​ពឹងផ្អែក​និង​ជួល​ដើម្បី​ស្នាក់​។​

​កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតីនិយម​ក​ណ្តា​ល ដែល​ឡើងកាន់​អំណាច​តាមរយៈ​ការសន្យា​ជំរុញ​គោលជំហរ​អន្តរជាតិ​របស់​បារាំង បានទទួល​តារាចម្រៀង​រ៉ុ​ក​របស់​ក្រុម U2 និង​ជា​អ្នកធ្វើ​យុទ្ធនា​ការប្រឆាំង​ភាពក្រីក្រ លោក បូ​ណូ​។

​ក្រោយមក លោកបូ​ណូ បាន​ប្រាប់​អ្នកកាសែត​ថា លោក “​មិនដែល​បាន​សន្ទនា​ច្រើន​បែបនេះ​នោះឡើយ​” និង​បាន​កោតសរសើរ​លោក​ម៉ា​ក្រុង​ថា​ជា ប្រធានាធិបតី ដែល​បើក​ចិត្ត​ទូលាយ​ដើម្បី​រក​វិធី​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​ដោះស្រាយ​បញ្ហា ដែល​បាន​ប៉ះពាល់​អ្នកក្រ​លើ​ពិភពលោក​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ព្រី​ជី​ត ម៉ា​ក្រុង និង​នាង​រី​ហា​ណា

ទីតាំងផ្សាយពាណិជ្ជកម្ម