ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ នេះ ស្តីពីករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មី គួរឱ្យកត់សម្គាល់ ក្នុងបណ្តាខេត្តមួយចំនួន នៅព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា គិតត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លង ភ្នែកក្រហម កំពុងកើតថ្មី គួរឱ្យកត់សម្គាល់ ក្នុងបណ្តាខេត្តមួយចំនួន នៅប្រទេសកម្ពុជា ។ ក្នុងខណៈនេះ ក្រុមឆ្លើយតបបន្ទាន់របស់ ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្តល់ការព្យាបាល និងអប់រំបង្ការការឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្ត ក្នុងសហគមន៍។

រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹក​មានហូរទឹកភ្នែកច្រើន ជាងមុន រកាំភ្នែក ដោយសារមានអារម្មណ៍ថា មានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬ ក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។ ជំងឺភ្នែកក្រហមនេះ បណ្តាលមកពីមូលហេតុធំៗ គឺ១. បង្កដោយវីរុស និង ២. បង្កដោយបាក់តេរី ។

បុគ្គលមានជំងឺឆ្លងភ្នែកក្រហម និងបុគ្គលមិនទាន់មានជំងឺឆ្លងភ្នែកក្រហម ត្រូវអនុវត្តឱ្យ បានដាច់ខាត តាមការណែនាំរបស់ក្រសួងសុខាភិបាល រួមមាន លាងដៃឱ្យបានញឹក ញាប់ ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗ, ចៀសវាងការប៉ះ ឬត្រដុស ឬញីភ្នែក ពីព្រោះធ្វើឱ្យកាន់តែរលាក ឬរាលដាលទៅភ្នែកម្ខាងទៀត , ប្រើដៃស្អាតលាងសម្អាត ជុំវិញភ្នែករបស់អ្នក ឱ្យបានច្រើនដង ក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាត សើម សំឡី ជាដើម។ ទន្ទឹមនឹងនេះ ក៏ត្រូវអនុវត្តឱ្យបានដាច់ខាត នូវការបង្ការកុំឱ្យមានជំងឺភ្នែក ក្រហមឡើងវិញ រួមជាមួយនឹងការថែទាំព្យាបាល ផងដែរ៕ V / N

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល ដែលមានខ្លឹមសារ ទាំងស្រុង ដូចខាងក្រោម៖