បន្ទប់ទឹក​សាធារណៈ​នៅ​កូរ៉េខាងត្បូង​នឹងត្រូវ​ត្រួតពិនិត្យ​ដើម្បី​បង្ក្រាប​ការ​លួច​ថត​វីដេអូ​អាសអាភាស​

2865
ចែករម្លែក
  • 12
    Shares

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ទី​៥​សីហា​ថា បន្ទប់ទឹក​សាធារណៈ​នៅ​គ្រប់​មណ្ឌល​គមនាគមន៍​ទាំងអស់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​រួមមាន​អាកាសយានដ្ឋាន ស្ថានីយ​រថយន្តក្រុង ស្ថានីយ​រថភ្លើង និង​ស្ថានីយ​រថភ្លើង​ក្រោម​ដី នឹងត្រូវ​ត្រួតពិនិត្យ​យ៉ាង​ទៀងទាត់​សម្រាប់​ជា​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​កាមេរ៉ា​សម្ងាត់​ដែល​ត្រូវបាន​ដំឡើង​នៅក្នុង​បង្គន់​សាធារណៈ​ក៏ដូចជា​ការ​លួច​ថត​វីដេអូ​អាសអាភាស ដែល​ចែកចាយ​ព្រោងព្រាត​ពេញ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងប្រទេស​នេះ​។​

​រូបភាព​វីដេអូ​អាសអាភាស​របស់​កាមេរ៉ា​សម្ងាត់ ដែល​គេ​ស្គាល់​ជាទូទៅ​ថា “Molka” គឺ​សំដៅ​ទៅលើ​ការផលិត​វីដេអូ​សម្ងាត់​ឬ​រូបភាព​បញ្ចេញ​ផ្លូវភេទ​របស់​ស្ត្រី​នៅ​កន្លែង​សាធារណៈ​ដូចជា​បន្ទប់ទឹក​និង​ផ្លូវ​ក្រោម​ដី​ជាដើម​។ វីដេអូ​និង​រូបភាព​បែបនេះ​ក៏​ត្រូវបាន​បង្កើតឡើង​និង​ចែករំលែក​តាម​អ៊ី​ន​ធឺ​ណេ​ត​ដោយ​អតីត​មិត្ត​ប្រុស​របស់​ជនរងគ្រោះ ដើម្បី​ជាការ​សងសឹក រួមជាមួយ​ចេតនា​បំផ្លាញ​អនាគត​ការងារ​និង​អនាគត​អាពាហ៍ពិពាហ៍​របស់​ស្ត្រី​។​

​សេចក្តីប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​ការប្រមូលផ្តុំ​ការពារ​សិទ្ធិ​ស្ត្រី​លើក​ទី ៤ ប្រឆាំងនឹង​រូបភាព​អាសអាភាស ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ជិត​ការិយាល័យ​ប្រធានាធិបតី​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​សៅរ៍​។ យោងតាម​អ្នករៀបចំ​បានឱ្យដឹងថា អ្នកចូលរួម​ប្រហែល ៧០.០០០ នាក់​បាន​ចូលរួម​នៅក្នុង​ការជួប​ជុំគ្នា​កាលពី​ចុង​សប្ដាហ៍​នេះ គឺ​ច្រើនជាង​ខែ​មុន​ដល់​ទៅ ១០.០០០ នាក់ បើទោះបីជា​រលក​កម្តៅ​ដ៏​ក្តៅ​កំពុង​វាយប្រហារ​កូរ៉េខាងត្បូង​ក៏ដោយ​។ ចាប់តាំងពី​ការប្រមូលផ្តុំ​លើកដំបូង​របស់ខ្លួន​កាលពី​ខែឧសភា បាតុកម្ម​នេះ​ត្រូវបាន​កត់ត្រា​ថា​ជា​ចលនា​ស្ត្រី​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កូរ៉េខាងត្បូង​៕ ដោយ៖ កញ្ញាដាលីស

បង្គន់​សាធារណៈ​នឹងត្រូវ​ពិនិត្យ​ជា​ទៀងទាត់​ដើម្បី​ទប់ស្កាត់​ការ​លបលួច​ថត​វីដេអូ​អាសអាភាស​របស់​ស្ត្រី

ទីតាំងផ្សាយពាណិជ្ជកម្ម