​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កាណាដា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ខ្លួន​បាន​ដក​អ្នកការទូត​៤១​រូប​ចេញពី​ឥណ្ឌា​តាម​បញ្ជា​របស់​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី​ដែល​ជា​ផល​នៃ​ជម្លោះ​ការទូត​ដ៏​ជូរ​ចត់​មួយ​ជុំវិញ​ឃាតកម្ម​លើ​សកម្មជន​ផ្តាច់​ទឹកដី​ជនជាតិ​ស៊ី​ក​(Sikh)​ម្នាក់​នៅលើ​ទឹកដី​កាណាដា​។​

​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី មាន​ផែនកា​រដក​អភ័យឯកសិទ្ធិ​ការទូត​ពី​អ្នកការទូត​កាណាដា​ទាំងអស់​លើកលែងតែ​អ្នកការទូត​ចំនួន​២១​នាក់​និង​សមាជិក​ក្រុមគ្រួសារ​របស់​គេ នៅ​យ៉ាងយូរ​ត្រឹម​ថ្ងៃ​សុក្រ​ទី​២០តុលា ដោយ​បង្ខំ​អោយ​រដ្ឋាភិបាល​ទីក្រុ​អូ​តា​វ៉ាដក​ចេញ​អ្នកការទូតកា​ណា​ដទៃ​ទៀត នេះ​បើ​តាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស មេ​ឡា​នី ចូល​លី​(Melanie Joly )​។​

​លោកស្រី​ចូលី បាន​បន្ថែមថា «​យើង​បាន​ជួយ​សម្រួល​ការចាកចេញ​របស់​ពួកគេ​ដោយ​សុវត្ថិភាព​ចេញពី​ឥណ្ឌា​។​អ្នកការទូត​របស់​យើង​និង​សមាជិក​គ្រួសារ​របស់​គេ​បាន​ចាកចេញ​ហើយ​ឥឡូវ​។​ការដក​អភ័យឯកសិទ្ធិ​អ្នកការទូត​៤១​នាក់​មិន​ត្រឹមតែ​មិន​អាច​ទទួលយក​បាន​តែ​វា​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​»​។​

«​កាណាដា​នឹង​បន្ត​ការពា​រច្បាប់​អន្តរជាតិ ដែល​អនុវត្ត​សំរាប់​គ្រប់​ប្រទេស​និង​បន្ត​ចូលរួម​ទាក់ទង​ឥណ្ឌា​»​។​

​សូមបញ្ជាក់​ថា ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​កាណាដា បាន​ធ្លាក់ចុះ​ភ្លាមៗ​ចាប់តាំងពី​នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទីន ទ្រូ​ដូ កាលពី​ខែ​មុន​បាន​និយាយ​ជា​សាធារណៈ​ដោយ​ភ្ជាប់​ភ្នាក់ងារ​របស់​ឥណ្ឌា​ទៅ​នឹង​ការសម្លាប់​ពលរដ្ឋ​កាណាដា​ដើមកំណើត​ស៊ី​កលោក ហា​ឌី​ប ស៊ី​ង នី​ចា​(Hardeep Singh Nijjar) តែ​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី បាន​បដិសេធ​។​ជម្លោះ​នេះ នាំអោយ​មាន​ការបណ្តេញ​អ្នកការទូត​ទៅវិញទៅមក​មួយឈុត​ដំបូង​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា និង​សម​ភាគី​កាណាដា ចាប់​ដៃ​នៅ​ជំនួប​កំពូល​G20​នៅ​ក្រុង​ញូវដែលី​កាលពី​ថ្ងៃ​៩​ក​ញ​្ញា ២០២៣ មុន​ផ្ទុះ​ជម្លោះ​បន្តិច​

​នី​ចា ដែល​ធ្វើ​យុទ្ធនាការ​បង្កើត​រដ្ឋ​ស៊ី​ក​ឯករាជ្យ​មួយ​នៅក្នុង​រដ្ឋ​ពុន​ចា​(Punjab)​របស់​ឥណ្ឌា ត្រូវ​អាជ្ញាធរ​ឥណ្ឌា​តាម​ចាប់​ខ្លួន​ចំពោះ​អំពើ​ភេរវកម្ម​និង​ការ​សមគំនិត​ប្រព្រឹត្ត​ឃាតកម្ម​នៅ​ឥណ្ឌា​។​

​កាណាដា​ប​ានអំពាវនាវ​អោយ​ឥណ្ឌា​ចូលរួម​​សហកា​រស៊ើបអង្កេតលើ​ឃាតកម្ម​នេះ តែ​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី បាន​ច្រានចោល​និង​ចាត់វិធានការ​តប ដូចជា​បិទ​ទិដ្ឋាកា​សំរាប់​ជនជាតិ​កាណាដា​ជាដើម​។​ទោះជា​យ៉ាងណា កាលពី​ខែ​មុន​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​បាន​និយាយថា ឥណ្ឌា​នឹង​ពិនិត្យ​ភស្តុតាង​ដែលផ្តល់​ដោយ​កាណាដា​។​

​រដ្ឋាភិបាល​ឥណ្ឌា​បាន​ហៅ​ការចោទប្រកាន់​របស់​កា​ណា​ដា​ថា​មិន​ទំនង និង​បាន​ណែនាំ​កុំអោយ​ពលរដ្ឋ​ខ្លួន​ធ្វើដំណើរ​ទៅ​តំបន់​មួយចំនួន​នៅ​កាណាដា​ដោយសារ​តែ​សកម្មភាព​ប្រឆាំង​ឥណ្ឌា​កើនឡើង​។​

​នី​ចា ​បាន​ទៅ​នៅ​កាណាដា​នៅ​ឆ្នាំ​១៩៩៧ និង​បាន​ក្លាយ​ជា​ពលរដ្ឋ​កាណាដា​នៅ​ឆ្នាំ​២០១៥​។​គាត់​ត្រូវបាន​បាញ់សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ពាក់​ម៉ាស់​មុខ​ពីរ​នាក់​នៅ​វត្ត​ជនជាតិ​ស៊ី​កមួយ​ក្បែរ​ទីក្រុង​វែន​ខូវើ​កាលពី​ខែមិថុនា​។​

​កាណាដា​ជា​ជម្រក​ធំ​ទី​ពីរ​ក្រៅពី​ឥណ្ឌា​របស់​ក្រុម​ជនជាតិ​ស៊ី​ក​ប្រមាណ​៧៧០.០០០​នាក់ ដែល​បាននិងកំពុង​ទាមទារ​បង្កើត​រដ្ឋ​ខា​ឡី​ស្ថាន​( Khalistan)​ឯករាជ្យ​មួយ​នៅ​ឥណ្ឌា​។​ចលនា​ផ្តាច់ខ្លួន​ស៊ី​ក​ត្រូវ​កង​កម្លាំង​ឥណ្ឌា​បង្ក្រាប​យ៉ាង​ចាស់ដៃ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០៕