ដោយៈ សុខុម / ស្ទឹងត្រែង: ក្រុមការងារបច្ចេកទេស អនុវត្តគម្រោងហូកា (Hoka) នៃមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បានចូលរួមដំណើរទស្សនកិច្ចសិក្សា ជាមួយអង្គការ Swiss Contact ទៅកាន់សហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ ក្នុងរយៈពេល ពីរថ្ងៃមួយយប់ ពីថ្ងៃទី ១៨ និង ១៩ ខែតុលា ឆ្នាំ២០២៣។

ក្នុងដំណើរទស្សនកិច្ចនេះ មានការផ្តល់កិត្តិយសចូលរួមពីសំណាក់ លោក ញ៉ែម សារី អភិបាលរងខេត្ត លោក សន សារឿនអភិបាលស្រុកថាឡាបរិវ៉ាត់ និងតំណាងអង្គការ ស្វីសខន់ថាក់។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងឈ្វេងយល់បន្ថែម អំពីតម្រូវការ ភាពខ្លាំង ភាពខ្សោយ និងបញ្ហាប្រឈមនានា នៃវគ្គបណ្ដុះបណ្ដាល ដែលបានអនុវត្ត ក្នុងគម្រោងហូកា តាមរយៈមន្ទីរទេសចរណ៍ខេត្ត គាំទ្រពីកម្មវិធី អភិវឌ្ឍន៍ជំនាញ SDP នៃអង្គការស្វីខនថាក់ ដើម្បីត្រៀមរៀបចំកែលម្អ សម្រាប់ អនុវត្ត ក្នុងដំណាក់កាលបន្ទាប់។

ដើម្បីឲ្យដំណើរការទស្សនកិច្ច កាន់តែមានភាពរស់រវើក ក្រុមការងារ ក៏មានរៀបចំ សកម្មភាព មួយចំនួន ដូចជា . ការចែករំលែកពីបទពិសោធន៍ រវាងសហគមន៍ និង អង្គការដៃគូរ។ .ការឈ្វេងយល់ពីផលិតផលទេសចរណ៍ ក្នុងសហគមន៍ ការបោះតង់ ស្នាក់នៅ(មានការរៀបចំ ចម្រៀងចាបុីដងវែង ក្នុងពេលរាត្រី និងដុតដំឡូង ក្នុងភ្នក់ភ្លើង) .ការរៀបចំម្ហូបអាហារ ដោយសហគមន៍។ .ការដាំដើមឈើ អនុស្សាវរីយ៍ (ទេសចរម្នាក់ ដើមឈើមួយដើម) .ធ្វើទស្សនកិច្ចជុំវិញតំបន់ អេកូទេសចរណ៍ភ្នំជំរកសត្វ ដូចជាការដើរទស្សនាជុំវិញស្ពានតឿ ចូលទស្សនាក្នុងរូងភ្នំ និងឡើងលើកំពូលភ្នំជាដើម៕/V-PC