ចំនួន​អ្នកស្លាប់​ដោយ​ទឹកជំនន់​កើន​ដល់​ប្រាំ​បីនាក់ ខណៈដែល​ទឹក​បន្ត​ឡើង​លិច​ដល់​ស្រុក​មួយចំនួន នៃ​ខេត្តកណ្តាល

1535
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​​ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ទឹកជំនន់​ទន្លេមេគង្គ បានសម្លាប់​មនុស្ស កើន​ដល់​ប្រាំបី​នាក់​ហើយ​។ ក្នុងនោះ នៅ​ខេត្តកំពង់ចាម មាន​អ្នកស្លាប់​ប្រាំ​នាក់ ខេត្តស្ទឹងត្រែង ពីរ​នាក់ និង​នៅ​ខេត្ត​ក្រចេះ​ម្នាក់​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បញ្ជាក់​។​

ទឹកទន្លេបានជន់លិចដល់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល(រូបធនធានទឹក)


​លោក កែវ វី ថ្លែងថា នៅ​ថ្ងៃទី​៧ ខែសីហា ទឹកជំនន់​ទន្លេមេគង្គ បាន​ឡើង​លិច​នៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​កណ្តាល ដែល​អាជ្ញាធរខេត្ត​កំពុង​ប្រមូល​របាយការណ៍ បញ្ជូន​មកកាន់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​បូកសរុប​។ ដោយឡែក នៅ​ខេត្ត​ផ្សេងទៀត រួមមាន​ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ការលិចលង់​ហាក់ដូចជា​មិន​ប្រែប្រួល​អ្វី​ទេ នៅ​ថ្ងៃទី​៧ ខែសីហា បើ​ធៀប​នឹង​ថ្ងៃទី​៦ ខែសីហា ។​

​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​៦ ខែសីហា ទឹកជំនន់​ទន្លេមេគង្គ បាន​ឡើង​លិច នៅ​ខេត្ត​ចំនួន​ប្រាំ គឺ​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង​។​ទឹក​បង្ក​ការប៉ះពាល់​ស្រុក​ចំនួន ២៧ ស្រុក និង ១៤១ ឃុំ​សង្កាត់ ដោយ​ប៉ះពាល់​ដល់​ប្រជាជន​សរុប ៣៩.២៤៣ គ្រួសារ​។ ក្នុងនោះ​មាន​ប្រជាជន ៤.៩២៩ គ្រួសារ ត្រូវបាន​ជម្លៀស ទៅកាន់​ទីទួល​សុវត្ថិភាព ចំនួន ៥៣ កន្លែង នៅក្នុង​ខេត្ត​ទាំង ៥​។

លោក កែវ វី បន្តថា ផ្ទះ​ដែល​ខូចខាត ដោយសារ​ការបាក់​ច្រាំងទន្លេ មាន​ចំនួន ១៥​ខ្នង​។ សាលារៀន​លិច​ទឹក មាន​ចំនួន ១៤២ កន្លែង​។ វត្ត និង​វិហារ​អ៊ីស្លាម លិច​ទឹក មាន​ចំនួន ៨០ កន្លែង​។ មណ្ឌល​សុខភាព លិច​ទឹក ចំនួន ៦​កន្លែង​។ សត្វពាហនៈ គោ ក្របី សេះ ពពែ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ចំនួន ១៦៨១០ ក្បាល​​។ ស្រូវ​សន្ទូង​លិច​ទឹក ចំនួន ១៣៣៧៦ ហិកតា និង​ដំណាំ​រួមផ្សំ លិច​ទឹក​ចំនួន ៤៨៧៨ ហិកតា​។ បាក់​ច្រាំងទន្លេ ៧​កន្លែង នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​ប្រវែង​សរុប ៦៤៩០ ម៉ែត្រ​។​

​​សម្រាប់តែ​ខេត្តព្រៃវែង ដែល​ទើបតែ​លិចលង់​ចុងក្រោយ​គេ ក្នុងចំណោម ៥ ខេត្ត​នេះ ត្រូវបាន​លោក កែវ វី បញ្ជាក់ថា នៅ​ខេត្តព្រៃវែង ការលិចលង់​មាន​ចំនួន ៦ ស្រុក ៣២​ឃុំ​សង្កាត់ ផ្ទះ​ដែល​លិច​ទឹក មាន​ចំនួន ៤៥៨ ខ្នង សាលារៀន​លិច​ទឹក ១១​កន្លែង វត្ត​អារាម​លិច​ទឹក ១​កន្លែង មណ្ឌល​សុខភាព​លិច​ទឹក​មួយកន្លែង ជម្លៀស​គោក្របី ៦៨​ក្បាល ស្រូវ​សន្ទូង​ពង្រោះ លិច​ទឹក​ចំនួន ៦៧១៣ ហិកតា និង​ដំណាំ​រួមផ្សំ លិច​ទឹក ១៧ ហិកតា ព្រមទាំង​ផ្លូវលំ​លិច​ទឹក ២៨៥៦៦ ម៉ែត្រ​។
​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា នៅ​ថ្ងៃទី​៧ ខែសីហា ទឹកទន្លេ​តូច ដែល​ទទួល​របប​ទឹក​ពី​ទន្លេមេគង្គ បាន​កើនឡើង​ខ្លាំង និង​ជន់​លិចលង់​ភូមិឋាន​ប្រជា​ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទៃដី​កសិកម្ម ប្រមាណ ១.០០០ ហិកតា នៅក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ ៕សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម