គ​.​ជ​.​ប​. បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង នៅ​ព្រឹកស្អែក​

1019
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​,​មុនី​រ័ត្ន​/ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ គ​.​ជ​.​ប​.​នឹង​បើកសវនាការ​លើកដំបូង ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ម្រាមដៃ​ស្អាត​នៅ​ខេត្តបាត់ដំបង​នា​ព្រឹក​ថ្ងៃទី​៨ ខែសីហា​ឆ្នាំ​២០១៨​។ សំណុំរឿង​ម្រាមដៃ​ស្អាត​ក្នុង​ខេត្តបាត់ដំបង ដែល​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ខេត្តបាត់ដំបង បានសម្រេច​ផាកពិន័យ​បុគ្គល​ប្រាំ​នាក់ ក្នុង​ម្នាក់ ១០​លាន​រៀល ពាក់ព័ន្ធ​នឹង​បទ​រារាំង​អ្នកបោះឆ្នោត និង​ធ្វើ​ឲ្យ​ភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។​តាម​សេចក្តីជូនដំណឹង​របស់​គ​.​ជ​.​ប​.​នៅ​រសៀល​ថ្ងៃទី​៧​ខែសីហា​នេះ សវនាការ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក​។​

​សេចក្ដីសម្រេច​របស់ គ​.​ជ​.​ប​. ចុះ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ បង្ហាញថា សវន​ការ នៅ​គ​.​ជ​.​ប​. នា​ព្រឹក​ថ្ងៃទី​៨ ខែសីហា នឹងមាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ជា​ប្រធាន អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ទាំង ៩​រូប​។ សវនាការ​លើកដំបូង​នេះ នឹងធ្វើ​ឡើង ក្រោយពី​សំណុំរឿង​ម្រាមដៃ​ស្អាត​នេះ ត្រូវបាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ខេត្តបាត់ដំបង បានសម្រេច​កាលពីមុន​ថ្ងៃ​បោះឆ្នោត សម្រេច​ផ្តន្ទាទោស ដោយ​ពិន័យ​បុគ្គល ប្រាំ នាក់ ជា​អតីត​ថ្នាក់ដឹកនាំ និង​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បង់ពិន័យ​ម្នាក់ៗ ១០ លាន​រៀល​។ បុគ្គល​រង​ពិន័យ​ទាំង ៥​នាក់ មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​នេះ ក៏​ដាក់ពាក្យ​ប្តឹង​ជំទាស់ មកកាន់​គ​.​ជ​.​ប​។​

​សវនាការ​នៅ​គ​.​ជ​.​ប​. នា​ព្រឹក​ថ្ងៃទី​៨ ខែសីហា នឹង​ធ្វើឡើង​នៅក្នុង​សាលសន្និសីទ​របស់ គ​.​ជ​.​ប​. ស្ថិតនៅក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ ក្នុង​រាជធានី​ភ្នំពេញ ដែលជា​សវនាការ​សាធារណៈ ដោយ​អនុញ្ញាត​ឲ្យ​គ្រប់ភាគី​ចូលរួម ពិសេស​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ អាច​ចូល​តាមដាន និង​យក​ព័ត៌មាន​។​

​បុគ្គល​ទាំង​ប្រាំ​នាក់ ដែល​រង​ការផាកពិន័យ​ក្នុង​សំណុំរឿង​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង​នោះ រួមមាន ឈ្មោះ ជា​ជីវ ឈ្មោះ ថោង​សារឿន ឈ្មោះ ម៉ាង​ឈុន ឈ្មោះ ពៅ​តាំង និង​ឈ្មោះ​គ្រុយ​គឹម​សាំង​។ អ្នក​ទាំង​ប្រាំ​នាក់ ជា​អតីត​ថ្នាក់ដឹកនាំ និង​ជា​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តបាត់ដំបង​។​

​សូម​រម្លឹកថា ចលនា​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង ត្រូវបាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ពាក្យ​ប្តឹង​លើ​អតីត​ថ្នាក់ដឹកនាំ និង​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​លោក ជា ជីវ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តបាត់ដំបង បាន​ហៅ​សកម្មជន មកជួបជុំ​ហូប​អាហារ នៅក្នុង​ផ្ទះ​របស់លោក ហើយ​នាំគ្នា​ថតរូប​ជា​ក្រុម ដោយ​លើក​ម្រាមដៃ បញ្ជាក់​ពី​ការសម្រេច​មិន​ទៅ​បោះឆ្នោត​។ រូបថត​នោះ ត្រូវបាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។​
​តាម​បណ្តឹង ការផ្សព្វផ្សាយ​ពី​ចលនា​ម្រាមដៃ​ស្អាត មិន​ទៅ​បោះឆ្នោត​នោះ អាចជា​សកម្មភាព ឬ​ចលនា​បំផុស និង​រារាំង​ឲ្យ​អ្នកដទៃ មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ។ ករណីនេះ គ​.​ជ​.​ប​. នៅ​ថ្នាក់ឃុំ​សង្កាត់ និង​គ​.​ជ​.​ប នៅ​ថ្នាក់​ខេត្តបាត់ដំបង បានសម្រេច​ឲ្យ​ភាគី​អតីត​ថ្នាក់ដឹកនាំ និង​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចាញ់ក្តី ទើប​មានការ​ប្តឹង​ជំទាស់ មកកាន់​គ​.​ជ​.​ប​. នាពេលនេះ​។​

​តាម​នីតិវិធី ក្រោយពី​សវនាការ និង​ការសម្រេច​នៅ​គ​.​ជ​.​ប​. ហើយ​ភាគី​ណាមួយ មិន​សុខចិត្ត​គឺអាច​ប្តឹង​ជំទាស់​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​ចុងក្រោយ​ដោះស្រាយ​បណ្តឹង​បោះឆ្នោត​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម