ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ ធ្វើអត្តឃាត ដោយសារខឹងក្រុមគ្រួសារ ដែលទៅស៊ីឈ្នួលធ្វើការ នៅប្រទេសថៃ មិនផ្ញើលុយមកបង់ការធនាគារ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២ រសៀល នៅចំណុចបរិវេណសាលារៀនបឋមសិក្សាចុងគោក ស្ថិតនៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ចែត ចំរើន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាឡំ បានឱ្យដឹងថា អត្តឃាតជន​ឈ្មោះ វ៉ាន់ សៀងហៃ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ បានយកខ្សែគោ ពណ៌ខៀវ ទៅចងកសម្លាប់ខ្លួន នៅដើមចន្ទគរី ។

តាមការបំភ្លឺរបស់ឈ្មោះ កិ តាំ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាអ៊ុំបង្កើត បានឲ្យដឹងថា ក្មួយរបស់ខ្លួន​ខឹងគ្រួសារ នៅប្រទេសថៃ មិនផ្ញើលុយមកបង់លុយ ចុងការឱ្យធនាគារ អស់ជាច្រើនខែ ទើបបណ្ដាលឱ្យគាត់ គិតខ្លី បានចងកសម្លាប់ខ្លួន ។

យោងគណៈកម្មការត្រួតពិនិត្យសព បានឱ្យដឹងថា បុរសនោះ ពិតជាស្លាប់ដោយសារ ចង កធ្វើអត្តឃាត មិនពាក់ព័ន្ធអំពើឃាតកម្មទេ៕/V/សរន