ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ​ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី ២០ ខែតុលា ឆ្នាំ​២០២៣ នេះ ដើម្បី អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាត ដោយចេតនា និងបានសុំ ដីកាអយ្យការ ដើម្បីស្រាវជ្រាវ និងតាមចាប់ខ្លួនបក្ខពួកដទៃទៀត។

យោងតាមសេចក្ដីរាយការណ៍របស់ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ​នៅថ្ងៃទី ១៩ ខែតុលា លោកវរសេនីយ៍ ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុង សិរីសោភ័ណ​ នៅវេលាម៉ោង ២និង៤០ នាទី រសៀលថ្ងៃទី ១៨​ ខែតុលា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវ និងបានឃាត់ខ្លួន ក្មេងទំនេីងម្នាក់ ករណីហិង្សា ដោយចេតនា និងធ្វើឱ្យខូចខាត ដោយចេតនា ប្រព្រឹត្តនៅចំណុចមុខការ៉ាស់សាំង PTT ស្ថិតក្នុងភូមិ តារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ឈ្មោះ ឈុន គឹមឈាន​ (ហៅម៉ៃ) ភេទប្រុស អាយុ ១៥ ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ​បានឱ្យដឹងទៀតថា​ កាលពីវេលាកេីតហេតុ​ មានក្រុមក្មេងទំនេីងចំនួន ២ក្រុម មានគ្នាប្រហែលចំនួន ៩នាក់ ម៉ូតូចំនួន ៤គ្រឿង ធ្វើសកម្មភាពដេញកាប់ និងគប់គ្នា នៅចំណុចមុខការ៉ាស់សាំង ភីធីធី (PTT) ក្រោយពីធ្វើសកម្មភាពរួច ក្រុមទាំងពីរ ជិះម៉ូតូគេចខ្លួនបាត់។​

ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងពិនិត្យកាមេរា សុវត្ថិភាពជុំវិញកន្លែងកើតហេតុ កំណត់បាននូវមុខសញ្ញា​ក្មេងទំនើងទាំង ២ក្រុម គឺ​ ១-ក្រុម DL(ដីឡូត៍),​ ២-ក្រុម OMB (អូរអំបិល) ។​ បន្ទាប់ពីកំណត់មុខសញ្ញាបាន ហេីយ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួន បានក្មេងទំនេីងម្នាក់ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ យកមកសួរនាំនៅមូល ដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី ៕ សរន