ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពេលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានទទួលស្គាល់ក្លិបមួយទៀត ជាសមាជិករបស់ខ្លួន។ ក្លិបកីឡាករអេឡិចត្រូនិក កម្ពុជា BROTHERS E-SPORTS ពេលនេះ បានក្លាយជាសមាជិក ក្រុមកីឡាអេឡិចត្រូនិក របស់សហព័ន្ធជាតិ។

ជាមួយនឹងការក្លាយជាសមាជិកពេញសិទ្ធ របស់សហព័ន្ធកីឡាអេឡិចត្រូនិក សហព័ន្ធ តម្រូវឲ្យគោរពតាមលក្ខន្តិកៈ និងបទបញ្ជាសហព័ន្ធ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមលក្ខខ័ណ្ឌនានា ដូចជា​មិនបង្កឲ្យមានការប្រមូលផ្តុំ ក្មេងទំនើង មិនចូលរៀន។ មិនលេងល្បែងភ្នាល់ ឬស៊ីសង ក្នុងមូលដ្ឋាន។ ធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ មិនធ្វើការជួញដូរផ្លូវភេទ មិនប្រើប្រាស់ និងជួញដូរ គ្រឿងញៀន ។ មិនបង្កសំលេងរំខាន ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលនៅ ជិតខ្លួន។ សហការ និងរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច​នូវបាតុភាពអសកម្ម ដែលបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ ចូលរួមគ្រប់សកម្មភាពរបស់សហព័ន្ធ (ប្រជុំ និងការប្រកួត) គោរពតាមលក្ខន្តិកៈ សហព័ន្ធ។

ចំពោះបណ្តាក្រុមកីឡាអេឡិចត្រូនិក ដែលមានបំណងចង់ចូលរួម ជាសមាជិករបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យ E-sports នៅកម្ពុជា ឲ្យមានការរីកចំរើនឆ្ពោះទៅ Sea Games 2025 នៅប្រទេសថៃ និងព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាចដាក់ពាក្យ ចូលរួមជា សមាជិកសហព័ន្ធបាន ដោយមិនតម្រូវឲ្យបង់ថវិកាអ្វីឡើយ៕/V/r