ប៉ូលិសៈ ករណី​បង្ហោះ​ហ្វេ​ស​ប៊ុ​ករឿង​ចាប់​បង្ខាំង​ក្មេងស្រី​ជាង​១០​នាក់ គឺជា​រឿង​មិន​ពិត​

1102
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ករណី​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​អំពី​រឿង​ចាប់​បង្ខាំង​ក្មេងស្រី​ជាង​១០​នាក់ នៅក្នុង​ខណ្ឌចំការមន ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នោះ គឺ​សមត្ថកិច្ច​បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​លើ​ករណីនេះ ប៉ុន្តែ​រក​ពុំ​ឃើញ​ទីតាំង​បង្ខាំង​នោះទេ​។ ករណីនេះ ក៏​មិនមែនជា​ការពិត​នោះដែរ​។ ការធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​នេះ គឺ​បន្ទាប់​ពី​ឪពុក​ក្មេងស្រី​ម្នាក់ បាន​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា កូនស្រី​គាត់​បាន​រត់គេច​ពី​ការចាប់​បង្ខាំង និង​នៅមាន​ក្មេងស្រី​ជាង​១០​នាក់​ទៀត ត្រូវបាន​គេ​បង្ខាំង​។​

ក្មេង​ដែល​អះអាងថា គេ​ចាប់​បង្ខាំង​នោះ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ទួល​អំពិល ស្នាក់នៅ ភូមិ​ពាម សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ​(រូបឯកសារ)

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​អ្នកនាំពាក្យ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៧ ខែសីហា ថា ករណី​ក្មេងស្រី​ដែលថា​មាន​គេ​ចាប់​បង្ខាំង​គឺ​សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា​ជា​ករណី​អ្វី​នៅឡើយ​ទេ ពីព្រោះ​ក្មេងស្រី​នោះ​នៅមាន​សតិ​មិន​ប្រក្រតី​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ហេតុនេះ​សមត្ថកិច្ច​រង់ចាំ​ចម្លើយ​ពី​ក្មេងស្រី​នោះ​។​

​លោក​បាន​បញ្ជាក់ថា​“​ករណីនេះ​មិនទាន់​ច្បាស់​ថា​ជា​ករណី​ចាប់​បង្ខាំង​ឬ​យ៉ាងណាទេ​?​។​ក្មេងស្រី​នេះ​បាន​ជិះ​ម៉ូតូ​ចេញ​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃទី​៣ ខែសីហា ។​នៅ​ព្រឹក​ថ្ងៃទី​៤​ខែសីហា​ឪពុក​បានមក​ដាក់ពាក្យ​ប្តឹង​នៅ​នគរបាល​ខណ្ឌ​។ លុះ​មកដល់​ថ្ងៃទី​៦ ខែសីហា​ក្មេងស្រី​នេះ​បាន​សុំ​ទូរស័ព្ទ​ទៅប្រាប់​ឪពុក ហើយ​ឪពុក​ក៏​មក​យក រួចហើយ​ឪពុក​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​កថា មាន​គេ​ចាប់​បង្ខាំង​កូនស្រី​គាត់​។

​នគរបាល​ដឹង​រឿងនេះ​ក៏​ចុះទៅ​មើល​ទីតាំង​នោះ​គឺ​រក​មិនឃើញ​សញ្ញា​ទីតាំង​ចាប់​បង្ខាំង​មនុស្ស​នោះទេ​។​ហេតុ​នេះ​​យើង ត្រូវការ​ព័ត៌មាន​ពី​ក្មេងស្រី​នោះ​។​ប៉ុន្តែ​ឥឡូវ​ក្មេងស្រី​នោះ​សម្រាក​នៅ​មន្ទីរពេទ្យ​ដូចជា​សតិ​មិន​ប្រក្រតី​។​ការមិន​ប្រក្រតី​យើង​មិនទាន់​ហ៊ាន​ថា មកពី​រឿង​អី​ទេ មកពី​ការប្រើ​ថ្នាំ​សណ្តំ ឬ​គេ​ដាក់​ថ្នាំ​សណ្តំ​គាត់​យ៉ាងម៉េច​ទេ​? មិនទាន់​ដឹង​ទេ ហើយ​នគរបាល​កំពុង​រង់ចាំ​ក្មេងស្រី​នោះ​ដឹងខ្លួន​សិន ដើម្បី​បន្ត​ស្រាវជ្រាវ​”​។​

​ចំណែក​លោក​ជឹម​ស៊ីថា​អធិការ​ខណ្ឌដង្កោ​បាន​ថ្លែងថា​ចំពោះ​ព័ត៌មាន​ចាប់​បង្ខាំង​ក្មេងស្រី​ជាង​១០​នាក់​ហើយ​មាន​ម្នាក់​រត់គេចខ្លួន​រួច​នោះ ជា​ព័ត៌មាន​មិន​ពិត​នោះទេ គឺ​ព័​ត៍​មាន​ច​ចាម​អារាម​តែប៉ុណ្ណោះ​។ លោក​បាន​អះអាងថា ករណីនេះ​មិនមែនជា ករណី​ចាប់​ជម្រិត​ដើម្បី​ទារប្រាក់ ហើយក៏​គ្មាន​ការ​បង្ខាំង​ក្មេងស្រី​ជាង​១០​នាក់​នោះដែរ​។ លោក​អធិការ​បាន​បញ្ជាក់ថា ករណីនេះ​សមត្ថកិច្ច​កំពុងតែធ្វើការ​ស៊ើបអង្កេត​ជា​បន្តទៀត​។​

​បើតាម​ឪពុក​ក្មេងស្រី​បាន​និយាយថា កូនស្រី​របស់គាត់​មាន​អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ទួល​អំពិល ស្នាក់នៅ​ក្នុងបន្ទុក​គ្រួសា​រ នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ​។ មុន​កើតហេតុ កូន​គាត់​បាន​ចេញ​ពីផ្ទះ ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BO-9927 ទៅ​រៀន​គួរ​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨​។ លុះ​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​៤ ខែសីហា គាត់​ក៏បាន​ទទួល​ទូរ​សព្ទ​ពី​កូនស្រី​គាត់​ដែល​និយាយ​បានតែ​២​ទៅ​៣​ម៉ាត់​ស្រែក​ឲ្យ​គាត់​ជួយ ស្រាប់តែ​ទូរស័ព្ទ​បាន​កាត់ផ្តាច់​ប្រព័ន្ធ​ហៅ​ទៅវិញ​លែង​ចូល​។​គាត់​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​សរ និង​អាវុធហត្ថ​ខណ្ឌចំការមន ឲ្យ​ជួយ​អន្តរាគមន៍​។ ស្រាប់តែ​នៅវេលា​ម៉ោង​៦​ព្រលប់​ថ្ងៃទី​៥ ខែសីហា គាត់​ក៏បាន​ទទួល ទូរស័ព្ទ​រោទិ៍ ដោយ​ឮ​តែ​សំឡេង​កូនស្រី​ជា​ជនរងគ្រោះ ប្រាប់​មក​ថា​ឲ្យ​គាត់​ទៅ​ទទួល​នាង​នៅ​ប៉ុស្តិ៍នគរបាល បឹង​កេងកង​ទី​២​។ កូន​គាត់​ទន់ខ្សោយ​និយាយ​លែង ចង់​រួច ដោយមាន​អាកា​រៈ​អស់កម្លាំង​ទន់ខ្សោយ​។ ពេលដែល​គាត់​សួរថា​មាន រឿង​អី​កើតឡើង​កូន​គាត់​ឆ្លើយថា ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ញាត់​ចូល​រថយន្ត ហើយ​យកទៅ​បង្ខាំង​ទុក​ក្នុងផ្ទះ​មួយកន្លែង​ដែល នាង​មិន​ស្គាល់​នៅ ខណ្ឌចំការមន ជាមួយនឹង​យុវតី​ជាង​១០​នាក់​ផ្សេងទៀត​៕​សរន​

សញ្ញា​ព្រួញ​ក្នុង​រង្វង់​មូលៈ ក្មេងស្រី​និង​ក្រុមគ្រួសារ​

ទីតាំងផ្សាយពាណិជ្ជកម្ម