​ប្រែ​សម្រួលៈ​បំណង​(CNA)៖ សមាគម​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​កាលពី​ថ្ងៃ​សុក្រ​ទី​២០​តុលា​បាន​អំពាវនាវ​អោយ​«​បញ្ឈប់​ជា​បន្ទាន់​»​អំពើ​ហិង្សា​នៅ​មជ្ឈិមបូព៌ា​នៅពេល​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស​បន្ត​ឆាបឆេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​និយាយថា ពួកលោក​«​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​»​អំពី​ជម្លោះ​ប្រដាប់អាវុធ​កាន់តែខ្លាំង​ឡើង​នៅ​មជ្ឈិមបូព៌ា​ហើយ​«​យើង​ទទូច​សុំ​អោយ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់​ដើម្បី​កុំអោយ​មាន​ការស្លាប់​និង​របួស​មនុស្ស​ថែមទៀត និងសូម​អំពាវនាវ​អោយមាន​ការគោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ពេញលេញ​»​។​

​ប្លុក​នេះ​បាន​បន្ថែមថា «​យើង​អំពាវនាវ​អោយ​គ្រប់​ភាគី​បង្កើត​ច្រក​សុវត្ថិភាព​ដោយ​គ្មាន​ការរារាំង​ភ្លាមៗ​សំរាប់​កិច្ចការ​មនុស្សធម៌​»​។​

​រំលឹកថា ក្រុម​ហា​ម៉ា​សបាន​បើក​ការវាយប្រហារ​ចូល​អ៊ីស្រាអែល​ដ៏​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​៧​តុលា​ដោយ​សម្លាប់​មនុស្ស​ប្រមាណ​១.៤០០​នាក់ និង​ចាប់​មនុស្ស​ប្រមាណ​២០០​នាក់​​នាំ​ទៅ​កាន់​តំបន់​ហ្កា​ហ្សា​ដើម្បី​ទុក​ធ្វើជា​ចំណាប់ខ្មាំង​។​

​ជា​ការឆ្លើយតប អ៊ីស្រាអែល​បាន​បិទ​ខ្ទប់​តំបន់​ហ្កា​ហ្សានិង​ធ្វើ​ការវាយប្រហារ​តាម​អាកាស​រួម​មាន​ការទម្លាក់​គ្រាប់បែក​និង​បាញ់​ផ្លោង​ដាក់​បរិ​ពន្ធ​ភូមិ​ប៉ាឡេ​ស្ទីន​នេះ​ដោយ​មិន​រើស​គោល​ដៅ​ដោយរហូតពេលនេះបានសម្លាប់​មនុស្ស​ជាង​៤.១០០​នាក់​ហើយ​ ភាគច្រើន​ជា​ជន​ស៊ីវិល ​មុន​ខ្លួន​បើក​ប្រតិបត្តិការ​ជើងគោក​ដើម្បី​បោសសម្អាត​ពួក​យុទ្ធជន​ហា​ម៉ាស​។​

​អាស៊ាន​បាន​និយាយថា​« យើង​សូម​ថ្កោលទោស​ជា​ខ្លាំង​អំពើហិង្សា​ដែល​នាំ​ដល់​ការស្លាប់​និង​របួស​ជន​ស៊ីវិល រួម​មាន​ប្រជាជន​ទៅ​ពី​ប្រជាជាតិ​អាស៊ាន​ផងដែរ​»​។​

​ប្លុក​ដប់​ប្រទេស​នេះ​ក៏​អះអាង​ជា​ថ្មី​អំពី​ការគាំទ្រ​ដំណោះស្រាយ​រដ្ឋ​ពីរ​តាម​ការចរចា​មួយ ដែល​នឹង​អនុញ្ញាត​អោយ​ទាំង​ប្រជាជន​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​រស់នៅ​ក្បែរ​គ្នា​ក្នុង​សុខសន្តិភាព​និង​សន្តិសុខ​ស្របតាម​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គកា​រស​ប្រជាជាតិ​នានា ហើយថា​«​វា​ជា​ផ្លូវ​តែ​មួយគត់​សំរាប់​ដោះស្រាយ​មូលហេតុ​ឬ​សគល់​នៃ​ជម្លោះ​»​។​

​អាស៊ាន ក៏​បាន​អំពាវនាវ​អោយ​គ្រប់​ភាគី​ការពារ​និង​ធានា​សុវត្ថិភាព​និង​សន្តិសុខ​នៃ​ជន​ស៊ីវិល​ទាំងអស់ ព្រមទាំង​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់ផងដែរ​៕

​អាស៊ាន​ថ្កោលទោស​ជាខ្លាំង​អំពើហិង្សា​ដែល​នាំ​ដល់​ការស្លាប់​និង​របួស​ជន​ស៊ីវិល