ប្រែសម្រួល : កញ្ញាដាលីស (VnExpress) ៖ ក្រុមហ៊ុន China Communications Construction Co. Ltd. (CCCC) បានប្រកាសថា ខ្លួនចង់វិនិយោគលើគម្រោងហេដ្ឋារចនាសម្ពន្ធសំខាន់ៗជាច្រើនក្នុងប្រទេសវៀតណាម រួមទាំងផ្លូវរថភ្លើងល្បឿនលឿនពីភាគខាងជើងទៅភាគខាងត្បូង។
សំណើនេះត្រូវបានធ្វើឡើងដោយលោក ប៉ាយ យីនចាន (Bai Yinzhan) នាយកក្រុមហ៊ុន China Harbor Engineering Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធនៃវិស្វកម្មពហុជាតិនិងសំណង់យក្ស CCCC ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក ង្វៀន ជី យុង (Nguyen Chi Dung) នៅវេទិកាក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។
CCCC បានដំណើរការនៅប្រទេសវៀតណាមតាំងពីឆ្នាំ ១៩៩៦។
លោកប៉ាយនិយាយថា រហូតមកទល់ពេលនេះ ខ្លួនបានអនុវត្តដោយជោគជ័យនូវគម្រោងហេដ្ឋារចនាសម្ពន្ធនិងថាមពលរបស់វៀតណាមជាង ២០ រួមទាំងផ្លូវហាយវេហាណូយ-ហៃហ្វុង (Hanoi–Hai Phong) និងកំពង់ផែខៃម៉េប-ធីវ៉ៃ (Cai Mep–Thi Vai) ព្រមទាំងរោងចក្រថាមពលកម្តៅវិញតាន់-បិញធួន (Vinh Tan–Binh Thuan) និងគម្រោងថាមពលខ្យល់។
ឥឡូវនេះក្រុមហ៊ុនបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូនសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ដូចជាផ្លូវរថភ្លើងល្បឿនលឿនរវាងភាគខាងជើងនិងភាគខាងត្បូងជាដើម។
គម្រោងនេះនឹងមានប្រវែងជាង ១.៥០០ គីឡូម៉ែត្រ និងឆ្លងកាត់តំបន់ចំនួន ២០ ជាមួយនឹងការវិនិយោគសរុបជាង ៦១,៦ ពាន់លានដុល្លារ នេះបើយោងតាមផែនការបឋម។
ការិយាល័យនយោបាយបានកំណត់ផ្លូវរថភ្លើងល្បឿនលឿនរវាងភាគខាងជើងនិងខាងត្បូងជាអ័ក្ស “ឆ្អឹងខ្នង” ដែលនឹងតភ្ជាប់ផ្លូវដែកក្នុងទីក្រុងនានា មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងព្រំដែនអន្តរជាតិ៕
គម្រោងនេះនឹងមានប្រវែងជាង ១.៥០០ គីឡូម៉ែត្រ និងឆ្លងកាត់តំបន់ចំនួន ២០ ជាមួយនឹងការវិនិយោគសរុបជាង ៦១,៦ ពាន់លានដុល្លារ