ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានបញ្ជាក់ថា​ ដើម្បីឲ្យសារព័ត៌មាន កាន់តែមានគុណភាព អ្នកសារព័ត៌មាន ត្រូវអនុវត្តន៍​នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិត ឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។ សារព័ត៌មាន ដើរតូនាទី សំខាន់ នៅក្នុងការផ្សព្វផ្សាយការពិត ជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មាន ដើរតូនាទីសំខាន់ ក្នុងកិច្ចការងារនេះ។

លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានបញ្ជាក់បែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាន ចំនួនជាង ១០០ នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នេះ ក្រសួងព័ត៌មាន នឹងធ្វើអោយវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាព ដើរតួនាទីសំខាន់ ជាសំលេង របស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតូនាទីក្នុងការជួយផ្សព្វផ្សាយពី កម្ពុជា ទៅប្រជាជន ទៅពិភពលោក ។ ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សំភារៈ សម្រាប់បំរើ ការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការ ផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម ។ ការធ្វើទំនើបកម្មនេះ មិនត្រឹមតែក្នុងក្របខណ្ឌ ក្រសួងព័ត៌មាននោះទេ គឺសម្រាប់អ្នកសារព័ត៌មាន ជារួម ក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដោយក្រសួងបានដាក់អោយដំណើរការឡើងវិញ នូវមជ្ឍមណ្ឌលបណ្តុះបណ្តាល វិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់ មានមូលដ្ឋានរឹងមាំ ក្នុងការផលិត​និងសរសេរអត្ថបទព័ត៌មាន ដែលមានគុណភាព។

កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជា មានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់ ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មាន ប្រកបដោយគុណភាព ដើម្បីបម្រើ ឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព ។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន នៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយ បានចុះបញ្ជីនៅ ក្រសួងព័ត៌មាន មានចំនួនប្រមាណ ៥០០ អាជ្ញាបណ្ណ, វិទ្យុFM មានជាង ២២១ ស្ថានីយ៍ នៅទូទាំងប្រទេស , ស្ថានីយ៍ទូរទស្សន៍ មាន ២១ ប៉ុស្ត៍ ទូរទស្សន៍ខ្សែកាប មានជាង ៩០ ប៉ុស្ត៍, សារព័ត៌មានអនឡាញ មានចំនួន ជាង ៩០០ អាជ្ញាបណ្ណ តែមានបងប្អូនមួយចំនួនទៀត បានប្រតិបត្តិការ ការងារសារព័ត៌មាន ដោយមិនចុះបញ្ជី ត្រឹមត្រូវ ។ ដូច្នេះសូមមកចុះបញ្ជី អោយបានត្រឹមត្រូវ ដើម្បីប្រតិបត្តិការ ការងារជា អ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារ ដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រម សីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន ៕/V/r