អាមេរិក​រៀបចំ​បញ្ជី​ពន្ធ​សម្រាប់​វាយ​លើ​ទំនិញ​ចិន​តម្លៃ ១៦ ពាន់​លាន​ដុល្លារ​រួចរាល់​ហើយ​

804
ចែករម្លែក

​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ទី​៧​សីហា​ថា ខ្លួន​នឹង​ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​ទំនិញ​របស់​ចិន​តម្លៃ ១៦ ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃទី ២៣ ខែសីហា ខណៈដែល​ខ្លួន​បាន​បោះផ្សាយ​បញ្ជី​ពន្ធ​ចុងក្រោយ ដែល​ផ្ដោតលើ​ផលិតផល​នាំចូល​ចំនួន ២៧៩ មុខ​។​

​សកម្មភាព​នេះ​គឺជា​ចំណាត់ការ​ចុងក្រោយ​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដើម្បី​ដាក់​សម្ពាធ​លើ​ចិន​ឱ្យ​ចរចា​សម្បទាន​ពាណិជ្ជកម្ម បន្ទាប់ពី​បាន​វាយ​ពន្ធ​លើ​ទំនិញ​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ​កាលពី​ខែ​មុន​។​

​បញ្ជី​ចុងក្រោយ​បំផុត​នេះ​បាន​នាំឱ្យ​តម្លៃ​សរុប​នៃ​ទំនិញ​ចិន​ដែល​ប្រឈម​នឹង​ពន្ធ ២៥​ភាគរយ ឡើងដល់​ប្រហែល ៥០ ពាន់​លាន​ដុល្លារ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ឆាប់រហ័ស​មួយ ដែល​ទីបំផុត​អាច​នឹង​បញ្ចប់ទៅ​ជាមួយ​ការ​វាយ​ពន្ធ​លើ​ទំនិញ​គ្រប់មុខ ដែល​បាន​ជួញដូរ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២​។​

​ចិន​បាន​ប្ដេជ្ញា​ថា​នឹង​សងសឹក​ឱ្យ​ស្មើភាព​គ្នា​។​

​បញ្ជី​វាយ​ពន្ធ​ចុងក្រោយ​លើ​ទំនិញ​តម្លៃ ១៦ ពាន់​លាន​ដុល្លារ​នេះ​នឹង​ប៉ះពាល់​ដល់​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និ​ច​មកពី​ចិន បើទោះបីជា​បន្ទះ​ឈី​ប​ក្នុង​ផលិតផល​ភាគច្រើន​មាន​ប្រភពដើម​ចេញពី​អាមេរិក តៃវ៉ាន់ ឬ កូរ៉េខាងត្បូង​ក៏ដោយ​។​

​ពន្ធ ២៥ ភាគរយ​នេះ​នឹងត្រូវ​អនុវត្ត​ផងដែរ​លើ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច ប្លា​ស្ទិ​ក សារធាតុ​គីមី និង​សម្ភារៈ​សម្រាប់​ផ្លូវដែក​ជាច្រើន​របស់​ចិន ដែល​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) និយាយថា​ទទួលបាន​អត្ថប្រយោជន៍​ពី​ផែនការ​ឧស្សាហកម្ម “Made in China 2025” ដែលមាន​គោលបំណង​ធ្វើឱ្យ​ប្រទេស​ចិន​មាន​ភាព​ប្រកួតប្រជែង​ក្នុង​ឧស្សាហកម្ម​បច្ចេកវិជ្ជា​ខ្ពស់​។​

USTR បាន​ដកចេញ​មុខទំនិញ​មួយចំនួន​ចេញពី​បញ្ជី​ដើម​របស់ខ្លួន បន្ទាប់ពី​មតិយោបល់​សាធារណៈ​រយៈពេល ៤៦ ថ្ងៃ​និង​ការពិនិត្យ​ឡើងវិញ​បាន​រកឃើញថា ការ​វាយ​ពន្ធ​លើ​មុខទំនិញ​ទាំងនោះ​នឹង​បង្ក “​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​”​។​

​ត្រាំ​ក៏បាន​គំរាម​វាយ​ពន្ធ​ចំនួន ២៥ ភាគរយ​លើ​ទំនិញ​របស់​ចិន​មួយទៀត​តម្លៃ ២០០ ពាន់​លាន​ដុល្លារ និង​ប្រហែល​ទំនិញ​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​មួយ​បន្ថែមទៀត ក្នុងការ​ស្វះស្វែង​របស់​រដ្ឋបាល​ត្រាំ​ដើម្បីឱ្យ​មានការ​ផ្លាស់ប្តូរ​កម្មសិទ្ធិបញ្ញា​របស់​ចិន ការចូល​ក្នុង​ទីផ្សារ​ចិន និង គោលនយោបាយ​ឧបត្ថម្ភ​ធន​ផ្នែក​ឧស្សាហកម្ម​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​បង្កើន​ការ​វាយ​ពន្ធ​លើ​ទំនិញ​ចិន​ជា​បន្តបន្ទាប់​ដើម្បី​ដាក់​សម្ពាធ​ចិន​ឱ្យធ្វើ​សម្បទាន​ពាណិជ្ជកម្ម

ទីតាំងផ្សាយពាណិជ្ជកម្ម