ចិន​នឹងដាក់​ដំណើរការ​ស្ថានីយ៍​អវកាស Tiangong ក្នុង​ឆ្នាំ ២០២២ ដើម្បី​ស្វាគមន៍​អវកាសយានិក​បរទេស​

1380
ចែករម្លែក

​ស្ថានីយ៍​អវកាស​ចិន Tiangong ឬ វិមាន​ឋានសួគ៌ គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ ២០២២​។ ស្ថានីយ៍ ដែល​គេ​រំពឹងថា​នឹង​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​ស្រដៀង​នឹង​ស្ថានីយ៍​អវកាស​អន្ដរជាតិ (ISS) នឹង​បើក​ស្វាគមន៍​ដល់​អវកាសយានិក​បរ​ទេស​ទាំងឡាយ​។​

​ដោយមាន​ទំហំ​ធំ​ជាង​ស្ថានីយ៍​អវកាស Mir ទម្ងន់​១៤០​តោន​របស់​រុស្ស៊ី ស្ថានីយ៍​អវកាស Tiangong នឹងមាន​តួ​ស្នូល​ដ៏​ធំ​មួយ និង​កាប៊ីន​ពិសោធន៍​ចំនួន​២​ដែលមាន​ទំហំ​ធំ​ល្មម​អាច​ផ្ទុក​អវកាសយានិក​ចន្លោះ​ពី ៣ ទៅ ៦ នាក់​។ ទាំង​ស្ថានីយ៍​អវកាស ISS និង Mir បានទទួល​អវកាសយានិក​អន្ដរជាតិ​ដូចគ្នា​។​

​លោក ចាង ប៉ាវ​ស៊ីន អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​និង​យោធា​នៅ​កាសែត China Aviation News បាន​និយាយប្រាប់​សារព័ត៌មាន Global Times កាលពី​ខែឧសភា ថា “​មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​បញ្ជូន​ស្ថានីយ៍​អវកាស​ឡើងទៅ​ដង​តារាវិថី​។ វា​គឺជា​កម្មវិធី​ដ៏​ធំ​មួយ​ដែល​បង្ហាញ​ពី​សមត្ថភាព​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​របស់​ចិន​” ។

​លោក​ចាង​បាន​និយាយថា “​ស្ថានីយ៍​អវកាស Tiangong នឹង​អនុញ្ញាតឱ្យ​ចិន​មាន​មន្ទីរពិសោធន៍​អវកាស​មួយ​ដើម្បី​ធ្វើ​ពិសោធន៍​វិទ្យាសាស្ត្រ​ជា​បន្តបន្ទាប់​” ។​

​ស្ថានីយ៍​អវកាស​នេះ​ក៏​នឹង​ត្រូវបាន​បំពាក់​ជាមួយ​កែវយឹត​ស្ទង់​ទី​អវកាស​ផងដែរ ដែល​គេ​សន្ម​ត់​ថា​មាន​គុណភាព​រូបភាព​ខ្ពស់​ដូច​កែវយឹត Hubble Space Telescope៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម