ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
មហាកថានៈ
(មៈហាកៈថាន៉ៈ)
បកតិសំខ្យា
(បា.) ចំនួនបកតិសំខ្យាមួយរយសែនកថានៈ (ច្រើនប្រើតែក្នុងគម្ពីរខាងពុទ្ធសាសនា) ។
ឡុកឡាក់
កិរិយាសព្ទ
( យ. Lùc làc “រង្កៀក” ) រង្កៀកឱ្យផ្អៀងចុះផ្អៀងឡើងរឿយៗ
កប៉ាល់កឿងនាំគ្នាឡុកឡាក់ឱ្យរបូតពីកន្លែងដែលជាប់ ។
កិរិយាសព្ទ
( ព. ប្រ. ) ធ្វើអុកឡុងវឹកវរ, ធ្វើយុកយាក់ឲ្យជ្រួលច្របល់
វានាំគ្នាមកធ្វើឡុកឡាក់ពេញផ្ទះ ។
កិរិយាវិសេសន៍
( ព. ប្រ. ) ធ្វើអុកឡុងវឹកវរ, ធ្វើយុកយាក់ឲ្យជ្រួលច្របល់
វានាំគ្នាមកធ្វើឡុកឡាក់ពេញផ្ទះ ។
នាមសព្ទ
ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគ្រាប់ ៣ សណ្ឋានបួនជ្រុងស្មើភាគ មានភ្នែកដូចមេអាប៉ោង, អ្នកដែលជាមេដាក់គ្រាប់ទាំងបីក្នុងចានមានគម្រប ហើយចាប់អង្រង់, អ្នកចាក់ត្រូវចាក់លើផ្ទាំងសំពត់ឬផ្ទាំងក្រដាស មានរូប ដោយស្មានតាមស្ម័គ្រចិត្ត
ឡុកឡាក់ជាល្បែងរបស់យួនចិន ( ម. ព. ឡុកឡាក់ កិ. ផង ) ។
ឃូរៗ
ឧទានសព្ទ
សូរខ្យល់កើតដោយផ្លុំ, ដោយសប់, ដោយបក់
ផ្លុំឃូរៗ, សប់ភ្លើងឃូរៗ, ខ្យល់ឃូរៗ ។
ដងកញ្ចាម
នាមសព្ទ
ឈើឬឫស្សីសម្រាប់អបអន្ទាក់ព្រ័ត្រលូកទាក់ជើងដំរីព្រៃ ។
ធាតុ
(ធាត)
នាមសព្ទ
( សំ. បា. “សភាវៈឬធម្មជាតិទ្រទ្រង់ខ្លួនឯង,…” ) ដី, ទឹក, ភ្លើង, ខ្យល់, អាកាស : ធាតុដី, ធាតុទឹក ។ ល ។ អាការៈក្នុងខ្លួន ដូចយ៉ាង សក់ , ធ្មេញ, សាច់, ឈាម ជាដើម ក៏ហៅថា ធាតុ ។ មាស, ប្រាក់, ដែក ។ ល ។ ក៏ហៅថា ធាតុ ។ ឆ្អឹងរបស់បុគ្គលដែលគេគួរគោរព ក៏ហៅថា ធាតុ ឬហៅ អដ្ឋិធាតុ ។ មូលដើមរបស់តន្តិភាសា មានភាសាសំស្ក្រឹត, បាលីជាដើម ក៏ហៅថា ធាតុ, ដូចយ៉ាង ធរណី “ផែនដី” មកពី ធរ – ធាតុ “ទ្រទ្រង់” ; កម្ម “អំពើ” មកពី ករ – ធាតុ “ធ្វើ” ។ ល ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ធា-តុ ដូចជា ធាតុកថា (ធា-តុកៈថា) ន. ( សំ. បា. ) ឈ្មោះគម្ពីរព្រះអភិធម្មទី៣សម្តែងអំពីធាតុផ្សេងៗ ។ ធាតុចេតិយ ( –ចេតិយ៉ៈ ឬ –ចែដី ) ន. ( បា. ) ចេតិយដែលបញ្ចុះធាតុ, តាមសេចក្តីក្នុងគម្ពីរព្រះពុទ្ធសាសនា សំដៅចំពោះតែចេតិយដែលបញ្ចុះព្រះសារីរិកធាតុព្រះសព្វញ្ញុពុទ្ធ ឬដែលបញ្ចុះធាតុព្រះអរហន្ត; មានន័យផ្សេងទៀតថា ទោះបីចេតិយដែលបញ្ចុះព្រះពុទ្ធរូបបាក់បែកក៏ហៅថា ធាតុចេតិយ ដែរ ( ម. ព. ចេតិយ ផង ) ។ ធាតុនិធាន ន. (បា.) ការតម្កល់, ការបញ្ចុះធាតុ, បុណ្យបញ្ចុះធាតុ ។ ធាតុប្បច្ចវេក្ខណៈ ( ធាតុប-បុ័ច-ចៈវ៉េក-ខៈណៈ ) ន. ( បា. –ណ ) ការពិចារណានូវបច្ច័យ ៤ មានចីវរប្បច្ច័យជាដើម ឲ្យឃើញថាគ្រាន់តែជាធាតុ៤ ប៉ុណ្ណោះ : ធាតុប្បច្ចវេក្ខណៈ ជាករណីកិច្ចរបស់បព្វជិត (ព. ពុ. ) ។ ធាតុវិជ្ជា ឬ ធាតុវិទ្យា ន. ( បា. ធាតុ + វិជ្ជា; សំ. ធាតុ + វិទ្យា ) ចំណេះខាងការប្រកបឬផ្សំធាតុគ្រប់យ៉ាងឲ្យកើតបានជាអ្វីមួយឡើង ឬឲ្យប្រើការប្លែកៗបាន ។ ធាតុវិភាគ (–វិភាក) ន. (សំ. បា.) ការញែកឬរំលែកធាតុ ។ ធាតុអន្តរធាន ( –អន់-តៈរ៉ៈធានឬ–អន់-ដ–) ន. (បា. ) ការសាបសូន្យឬបាត់បង់នៃព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។ មានសេចក្តីតំណាលថា កាលណាសាសនារបស់ព្រះពុទ្ធរោយរៀវបាត់សូន្យទៅ ដោយហេតុមនុស្សលោភលន់ អស់សេចក្តីគោរពហើយ, កាលនោះព្រះសារីរិកធាតុរបស់ព្រះអង្គ ទោះបីប្រតិស្ឋាននៅក្នុងទីណាក៏ដោយ សុទ្ធសឹងតែអណ្តែតត្រសែតឯងៗមកប្រជុំគ្នាទាំងអស់នៅត្រង់ពោធិព្រឹក្ស គឺកន្លែងដែលព្រះអង្គត្រាស់ដឹងជាដំបូង ហើយតេជោធាតុបណ្តាលឡើងឯងឆេះប្រល័យព្រះសារីរិកធាតុទាំងអស់នោះ សុសសោះសូន្យអស់ទៅ ឥតមានសេសសល់ឡើយ, ត្រង់នេះឯងហើយហៅថា ធាតុអន្តរធាន; ហៅម្យ៉ាងទៀតថា ធាតុបរិនិព្វាន ក៏បាន ( តាមមនោរថបូរណីអដ្ឋកថា ) ។