ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖អាម៉េរិកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសទំនើបTHAADនិងភែតធ្រៀត(Patriot )បន្ថែមទៅកាន់មជ្ឈិមបូព៌ា នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិអាម៉េរិកកាលពីថ្ងៃសៅរ៍ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារលើទាហានអាម៉េរិកឈរជើងនៅក្នុងតំបន់នេះកាលពីពេលថ្មីៗ។
អាម៉េរិកបានបញ្ជូនកម្លាំងជើងទឹកដ៏ធំសម្បើមរួចហើយទៅកាន់មជ្ឈិមបូព៌ានៅប៉ុន្មានសប្តាហ៍មកនេះ រួមមាននាវាដឹកយន្តហោះពីរ នាវាគាំទ្ររបស់ពួកវានិងទាហានម៉ារីនប្រមាណ២.០០០នាក់។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់បណ្តាក្រុមគាំទ្រដោយអ៊ីរ៉ង់នៅពេលភាពតានតឹងក្នុងតំបន់កើនឡើងក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោកឡយ អូស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រោយការពិភាក្សាគ្នាលម្អិតជាមួយប្រធានាធិបតី ចូ បៃដិន អំពីកំណើននៃការបង្ករឿងដោយអ៊ីរ៉ង់និងកងកម្លាំងតំណាងរបស់អ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ថ្ងៃនេះ ខ្ញុំបានដាក់ចេញវិធានការបន្តបន្ទាប់ដើម្បីពង្រឹងជំហរឈរជើងរបស់យោធាអាម៉េរិកនៅក្នុងតំបន់»។
លោកអូស្ទីនបាននិយាយថា លោកប្រាប់អោយត្រៀមទាហានបន្ថែមសំរាប់ការបញ្ជូនចេញភ្លាមពេលមានបញ្ជានិងថា«វិធានការទាំងនេះនឹងពង្រឹងកិច្ចខិតខំដើម្បីការពារកងកម្លាំងអាម៉េរិកនៅក្នុងតំបន់ និងជួយអ៊ីស្រាអែល»។
ក្រសួងការពារជាតិអាម៉េរិក បានត្រៀមទាហាន២.០០០នាក់រួចហើយដើម្បីបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា។
ការបញ្ជូនប្រព័ន្ធការពារដែនអាកាសនេះធ្វើឡើងពីរឆ្នាំក្រោយពីរដ្ឋាភិបាលរបស់លោកបៃដិនដកពួកវាចេញពីមជ្ឈិមបូព៌ា ដោយសំអាងថាភាពតានតឹងជាមួយអ៊ីរ៉ង់ថយចុះ៕
Patriot (រូបលើ)ត្រូវបានចាត់ទុកថាជាប្រព័ន្ធការពារដែនអាកាសទំនើបបំផុតរបស់អាម៉េរិកចំណែកប្រព័ន្ធTHAAD (រូបក្រោម)មានរ៉ាដាដ៏ខ្លាំង