ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារគោលដៅនៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក៏ដូចជាអាកាសយានដ្ឋានចំនួនពីរក្នុងប្រទេសស៊ីរី និងវិហារអ៊ីស្លាមមួយកន្លែងនៅតំបន់កាន់កាប់វេសប៊ែង ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធជាច្រើន ខណៈដែលសង្គ្រាមជាមួយក្រុមហាម៉ាសបានគំរាមផ្ទុះជម្លោះរីករាលដាលកាន់តែធំ។
អ៊ីស្រាអែលបានបាញ់ជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡារបស់លីបង់ជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ហើយភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់កាន់កាប់វេសប៊ែង កន្លែងដែលកងកម្លាំងអ៊ីស្រាអែលប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធនៅក្នុងជំរំជនភៀសខ្លួន និងវាយប្រហារតាមអាកាសចំនួនពីរក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់កងទ័ពនៅភាគខាងជើងអ៊ីស្រាអែលថា ប្រសិនបើក្រុមហេសបូឡាបើកសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល “ពួកវានឹងសាងកំហុសធំបំផុតក្នុងជីវិតរបស់វា។ យើងនឹងបំផ្លាញពួកវាដោយកម្លាំងដែលពួកវាមិនអាចស្រមៃឃើញ ហើយផលវិបាកសម្រាប់ពួកវានិងរដ្ឋលីបង់នឹងត្រូវហិនហោចខ្ទេចខ្ទី”។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញានាំផលវិបាកធំធេងដល់ក្រុមហេសបូឡា បើពួកនេះជ្រើសចូលរួមក្នុងជម្លោះ
អស់ជាច្រើនថ្ងៃមកនេះ អ៊ីស្រាអែលហាក់កំពុងជិតបើកការវាយលុកជើងគោកលើតំបន់ហ្កាហ្សា ដែលជាផ្នែកនៃការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។
រថក្រោះនិងកងទ័ពរាប់សែននាក់បានប្រមូលផ្តុំគ្នានៅតាមព្រំដែន ហើយមេដឹកនាំអ៊ីស្រាអែលបាននិយាយអំពី “ដំណាក់កាលបន្ទាប់” ដែលមិនអាចកំណត់បាននៅក្នុងប្រតិបត្តិការជាច្រើន។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីទោ ដានីញែល ហាហ្គារី (Daniel Hagari) បាននិយាយថា ប្រទេសនេះបានបង្កើនការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សា ដើម្បីវាយប្រហារគោលដៅនានា ដែលនឹងកាត់បន្ថយហានិភ័យដល់កងទ័ពនៅក្នុងដំណាក់កាលបន្ទាប់នៃសង្គ្រាម។
ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលនៅជិតតំបន់ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងហ្កាហ្សា ហើយបានបំផ្លាញរថក្រោះមួយ និងគ្រឿងចក្រឈូសឆាយពីរគ្រឿង។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនមិនមានព័ត៌មានអំពីការអះអាងនេះទេ។
កាលពីយប់ថ្ងៃអាទិត្យ ឧត្តមនាវីទោហាហ្គារីបានប្រកាសថា ទាហានម្នាក់ត្រូវបានសម្លាប់និងបីនាក់ផ្សេងទៀតបានរងរបួសដោយមីស៊ីលប្រឆាំងរថក្រោះក្នុងអំឡុងការវាយឆ្មក់ក្នុងតំបន់ហ្កាហ្សាដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងជាង ២០០ នាក់ដែលត្រូវបានចាប់ពង្រត់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។
កាលពីថ្ងៃសៅរ៍ ឡានដឹកទំនិញចំនួន ២០ គ្រឿងបានចូលតំបន់ហ្គាហ្សាក្នុងការដឹកជញ្ជូនជំនួយលើកដំបូងចូលទៅក្នុងដែនដីនេះ ចាប់តាំងពីអ៊ីស្រាអែលបានដាក់ការឡោមព័ទ្ធទាំងស្រុងកាលពីពីរសប្តាហ៍មុន។
អាជ្ញាធរអ៊ីស្រាអែលបាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ពួកគេបានអនុញ្ញាតឱ្យក្រុមជំនួយទីពីរចូលទៅកាន់តំបន់ហ្កាហ្សាតាមសំណើរបស់សហរដ្ឋអាម៉េរិក៕
ទាហានអ៊ីស្រាអែលជិះរថពាសដែកក្បែរព្រំដែនហ្កាហ្សា
ផ្សែងហុយចេញពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីបកាលពីថ្ងៃអាទិត្យ