ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ផាតិកម្ម
(ផាតិក័ម)
នាមសព្ទ
(បា.) ការធ្វើឲ្យចម្រើន, ការបំពេញថែម, ការទ្វេឡើង; ការលៃលករបស់ដែលអន់, ដែលថោកផ្សំគ្នាបូកប៉ាន់ប្តូរយករបស់ល្អ, របស់មានតម្លៃ
សង្ឃបានព្រមព្រៀងគ្នាធ្វើផាតិកម្មដោយការប្ដូរផ្ដិលស្ពាន់កំបែក៥ យកផ្តិលស្ពានថ្មី៣ អំពីជាងស្មិតផ្តិល យកមកទុកជាគរុភ័ណ្ឌសម្រាប់វត្ត (ព. វិ. ពុ.) ។
ពង
កិរិយាសព្ទ
(ជានាមកិរិយា) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់
ដើរកាត់វាលខ្សាច់ក្ដៅពងជើងអស់, រលាកភ្លើងពងស្បែកស្ដុល ។
បង្កើតពង, បញ្ចេញស៊ុត
មេមាន់មួយពងបាន ៨ មេមួយទៀតពងបាន ១០ ។
នាមសព្ទ
ស្បែកឬសាច់ដែលដោរពង់ឡើង, ដែលប៉ោងស្ដុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ ។ អណ្ឌៈរបស់សត្វចំពួកខ្លះ គឺដុំដែលកើតចេញចាកពោះសត្វញីពួកខ្លះ ជាដុំមានសំបកស្រោមពីខាងក្រៅដែលកើតជាកំណើតម្តងសិន ហើយទើបញាស់ចេញជាកូន
ពងរុយ, ពងចៃ, ពងបង្កួយ, ពងមាន់, ពងអណ្តើក, ពងទន្សង, ពងក្រពើ…(ព. សា.; ព. រ. ហៅ ស៊ុត; ព. ខ្ព. ហៅ អណ្ឌៈ) ។
ចំណែកអង្គជាតពីរដុំរបស់មនុស្សប្រុសឬសត្វតិរច្ឆានឈ្មោលចំពួកខ្លះ ស្ថិតនៅត្រង់ខាងក្រោមស្វាស បើមានតែមួយដុំ ហៅ ពងត្មោល ( ព. សា.; ព. រ. ហៅ ពងល្វា ឬ ពងស្វាស; ព. ខ្ព. ហៅ អណ្ឌៈ ) ។ ពងក្ដ ន. (ព. អា.) ពងល្វា, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះច្រឡោះបោះ ជាអសប្បុរិសវាចាថាបញ្ជោះឲ្យគ្នាដោយឈ្លានពានប្រមាថមើលងាយ (ជាសម្ដីពុំគួរប្រើ) ។
ពងល្វា
នាមសព្ទ
ពងស្វាស (ម. ព. ពង ន.) ។
ពងស្វាស
នាមសព្ទ
ពងល្វា ( ម. ព. ពង ន. ) ។
ភរិយាដ
(ភៈរិយាត)
នាមសព្ទ
(សំ. ក្ល; សំ. ភាយ៌ាដ) បុរសដែលព្រមឲ្យភរិយារបស់ខ្លួនស្វែងរកប្រយោជន៍ ដោយបែបបទជាស្ដ្រីពេស្យា, មនុស្សអ្នកបណ្ដោយប្រពន្ធឲ្យធ្វើជាស្ត្រីផ្កាមាស ។ (ព. កា.)
នែអ្នកភរិយាដ ចូរខំខ្មីឃ្មាត បំពេញមុខការ ចូរកុំរវាត ចាកសីលាចារ ធ្វើស្រែចម្ការ លក់ដូរវិញទៅ !