ដោយ:ដេប៉ូ/ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះយ៉ាងហោចណាស់មានសាលារៀនចំនួនបួនបន្ថែមទៀតក្នុងនេះដូចជា៖ វិទ្យាល័យ ជា ស៊ីម សាមគ្គី ,វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យ ហ៊ុន សែន បូរី ១០០ខ្នង និង សិស្សានុសិស្សវិទ្យាល័យ ព្រះយុគន្ធរ រាជធានីភ្នំពេញ ជាដើមបានចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» ។
អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាជារៀងរាល់ឆ្នាំ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ ស្តីអំពី ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្នុងគោលបំណង៖ (១) ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (២) លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ (៣) បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ (៤) កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល (៥) អប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ។
ប្រភពដដែលបន្ថែមថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានរៀបចំឱ្យមានយុទ្ធនាការផ្សព្វផ្សាយ និង«អបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» ដល់ សិស្សានុសិស្ស នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ប្រមាណ ២.៥០០ នាក់។
ជាមួយគ្នាកាលពីរសៀលថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២៣តុលា អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» ដល់គណៈគ្រប់គ្រងសាលា សិស្សានុសិស្សប្រមាណ ៦០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន បូរី ១០០ ខ្នង ដើម្បីឱ្យស្គាល់ពី អង្គភាពប្រឆាំងអំពើពុករលួយ និង បញ្ជ្រាបការយល់ដឹងពីទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ សំដៅបំផុសចលនាមហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនឱ្យយល់ដឹងពីទិវាមួយនេះ។
នៅថ្ងៃទី២០ ខែ តុលាក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយបានចុះទៅផ្សព្វផ្សាយនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ដែលមានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចូលរួមចំនួន ២៤០ នាក់។
ដោយឡែកនៅ ថ្ងៃទី១៨ ខែតុលា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយក្រុមទី៧ ដឹកនាំដោយ លោក ចាន់ បូរ៉ាដែត ក៏បានចុះយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិ ៩ធ្នូ ដល់សិស្សានុសិស្សវិទ្យាល័យ ព្រះយុគន្ធរ រាជធានីភ្នំពេញសរុបចំនួនប្រមាណ ១០៨ នាក់។
គួរបញ្ជាក់ថា ក្រុមការងារ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា៖អង្គភាពរបស់ខ្លួន នឹងបន្តចុះផ្សព្វផ្សាយនៅតាមវិទ្យាល័យ និងទីផ្សារបន្តបន្ទាប់បន្ថែមទៀត រហូតដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ ៕ srn / N